ព័ត៌មានជាតិ

ក្មេងទំនើង ៣ នាក់ វាយតប់គ្នានៅទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឧត្តរមានជ័យ: ភ្នាក់ងារ Post News Media បានឲ្យដឹងថា ក្មេងទំនើងចំនួន ៣ នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណ: ។

កងរាជអាវុធហត្ថស្រុកចុងកាល់ បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង ២៣ និង ៣០ នាទីយប់ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចភូមិគោកត្រាង ឃុំជេីងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

ប្រភពដដែលបានបន្តទៀតថា ក្មេងទំនើងដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៖
១. ឈា ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដឺធ្នង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
២. ឈា រិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដឺធ្នង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
៣. ហឺុន យក្ស ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដឺធ្នង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

មន្ត្រីដដែល បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនពីក្មេងទំនើងខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖
១. ម៉ូតូ ចំនួន ១ គ្រឿង
២. ទូរស័ព្ទដៃ ចំនួន ១ គ្រឿង
៣. ដាវសាំរ៉ៃ ចំនួន ១ ដើម
៤. ស្នាប់ដៃ ចំនួន ២ ។

មន្ត្រីដដែល បានបញ្ជាក់ឲ្យដឹងទៀតថា ក្មេងទំនើងទាំង ៣ នាក់ខាងលើនេះ តែងតែបង្កភាពអសន្តិសុខដល់សង្គម និងតែងតែវាយតប់គ្នានៅតាមដងផ្លូវ ដែលធ្វើឲ្យរំខានដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងសង្ស័យមានជាប់ពាក់ព័ន្ធជាមួយបទល្មើសមួយចំនួន ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ រៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕

មតិយោបល់