ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិចារណាទៅលើការប្រើប្រាស់នូវប័ណ្ណចាក់វ៉ាក់សាំងថតចម្លង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា អភិបាលរាជធានី-ខេត្ត ធ្វើការពិចារណាទៅលើការប្រើប្រាស់នូវប័ណ្ណចាក់វ៉ាក់សាំងថតចម្លង ក្នុងពេលដែលសិស្សចូលសិក្សាតាមគ្រឹះស្ថានសិក្សានានា ដើម្បីចៀសវាងការបាត់ប័ណ្ណចាក់វ៉ាក់សាំង ឬការខូចខាតប័ណ្ណច្បាប់ដើម។

ក្នុងសារជាសំឡេង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលរាជធានី-ខេត្ត ក៏ដូចជាមន្ត្រីនៅក្នុងផ្នែអប់រំ សាស្ត្រចារ្យ លោកគ្រូអ្នកគ្រូ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា កុមារា កុមារី និងសិស្សរបស់យើង បានប្រើប្រាស់នូវប័ណ្ណចាក់វ៉ាក់សាំង ដើម្បីបង្ហាញសម្រាប់ការចូលរៀននៅពេលដែលខ្លួនចូលរៀន ដូចដែលខ្ញុំបានបង្ហោះហ្វេសប៊ុកសម្រាប់កុមារា និងកុមារីនៅឯខេត្តសៀមរាប។ សម្ដេចតេជោបន្តថា «ប្រសិនបើយើងអនុញ្ញាតឱ្យប្រើច្បាប់ដើម(ប័ណ្ណចាក់វ៉ាក់សាំង) សម្រាប់ការពាក់ទៅចូលរៀនបែបនេះ ប័ណ្ណចាក់វ៉ាក់សាំងរបស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀត កុមារា កុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀង ក៏អាចនឹងជួបការលំបាក»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា ក្នុងន័យនេះ«ខ្ញុំសូមស្នើឱ្យមានការពិចារណា បន្ទាប់ពីនេះទៅគប្បីប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំង ដែលថតចម្លង ហើយរក្សាប័ណ្ណដើមទុកនៅឯផ្ទះដោយសុវត្ថិភាព ហើយប័ណ្ណថតចម្លងនេះ គឺសម្រាប់ប្រើប្រាស់ពេលដែលសិស្សទៅរៀន។ ធ្វើយ៉ាងដូច្នេះ គឺដើម្បីចៀសវាងការបាត់ប័ណ្ណ ឬការខូចខាតប័ណ្ណច្បាប់ដើម»។

សម្ដេចតេជោបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា អភិបាលរាជធានី- ខេត្ត ធ្វើការពិនិត្យ ហើយខិតខំដោះស្រាយបញ្ហានេះ ដោយអាចថតចម្លង ជា ស ខ្មៅ ឬក៏ជា ពណ៌ ដោយស្នើឱ្យលោកគ្រូ អ្នកគ្រូ សាលា នីមួយៗ ជួយរៀបចំ និងគ្រួសារ នីមួយៗដែលមានលទ្ធភាពថតចម្លង ក៏សូមថតចម្លង ហើយក្នុងករណីដែលគ្រួសារពុំមានលទ្ធភាពថតចម្លងទេ អាចឱ្យសាលាជួយថតចម្លងសម្រាប់ឱ្យសិស្សប្រើប្រាស់នូវប័ណ្ណចាក់វ៉ាក់សាំងនេះ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ដូច្នេះ សូមឱ្យប្រើប្រាស់នូវច្បាប់ថតចម្លងពីប័ណ្ណចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យចៅៗ ក្មួយៗ ជាសិស្ស និស្សិត គឺរក្សាប័ណ្ណដើមជាប័ណ្ណល្អ ហើយយើងសុខចិត្តថតចម្លងយកទៅប្រើប្រាស់ សម្រាប់ការបង្ហាញនៅតាមសាលារៀន គ្រឺះស្ថានសិក្សានានា។ សម្ដេចតេជោលើកឡើងបន្តថា «បើមិនដូច្នោះទេយើងអាចបាត់ប័ណ្ណ ឬខូចប័ណ្ណ ហើយបាត់បង់នូវសុពលភាព ឬក៏ខ្វះការទទួលស្គាល់ នៅពេលដែលមានការបាត់ប័ណ្ណ ហើយការប្ដូរប័ណ្ណគឺមិនមែនជាការងាយស្រួលនោះទេដែលត្រូវយកប័ណ្ណថ្មី។ ដូច្នេះយកល្អយើងប្រប្រាស់ប័ណ្ណចាស់ដដែល ប៉ុន្តែប័ណ្ណថតចម្លង ហើយរក្សាប័ណ្ណទុកនៅផ្ទះ»។ សម្ដេចតេជោសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលរាជធានី-ខេត្ត ក៏ដូចជា នាយកសាលាគ្រប់កម្រិតយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ក្នុងសារជាសំឡេងនេះដែរ សម្ដេចតេជោក៏ស្នើឱ្យក្រសួងសុខាភិបាល គណៈកម្មាធិការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជា ក្រសួងការពារជាតិសម្រាប់ផ្នែកចាក់វ៉ាក់សាំង ខិតខំធ្វើប័ណ្ណចាក់វ៉ាក់សាំង ហើយដាក់ឈ្មោះឱ្យបានត្រឹមត្រូវ ជាពិសេសគឺក្នុងផ្នែកភាសាអង់គ្លេស ព្រោះថាប្រជាពលរដ្ឋរបស់យើង មន្ត្រីរបស់យើងមានការចាំបាច់ដើម្បីនឹងធ្វើដំណើរចេញទៅក្រៅប្រទេស។ ក្នុងករណីដែលមានការដាក់ឈ្មោះជាភាសាអង់គ្លេស មិនបានត្រឹមត្រូវស្របទៅតាមឈ្មោះដែលមាននៅក្នុងលិខិតឆ្លងដែន គឺមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបាននោះទេ។ ដូច្នេះសូមយកចិត្តទុកដាក់ទៅលើការដាក់ឈ្មោះឱ្យបានត្រឹមត្រូវ ទាំងជាភាសាខ្មែរ និងទាំងជាភាសាអង់គ្លេស សម្រាប់ការប្រើប្រាស់ក្នុងការចេញទៅក្រៅប្រទេស៕

 

មតិយោបល់