ភ្នំពេញៈ បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យចំនួន១១៣គ្រឿង ដែលរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនអ៊ីស៊ុយស៊ុយហ្ស៊ុយរបស់ចិន ដើម្បីអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ភាគីក្រុមហ៊ុនបានធ្វើបទបង្ហាញបង្រៀនដល់ក្រុមមន្ត្រីនគរបាលកម្ពុជា មកពីគ្រប់ស្នងការដ្ឋានទូទាំង២៥រាជធានីខេត្ត។
ឧត្តមសេនីយ៍ត្រី នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានថ្លែងថា នៅថ្ងៃនេះ អ្នកជំនាញរបស់ក្រុមហ៊ុនអ៊ីស៊ុយស៊ុយហ៊្សុយ ដោយមានការសហការជាមួយនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ធ្វើបទបង្ហាញពីបច្ចេកទេសក្នុងការចុះធ្វើប្រតិបត្តិការពន្លត់ និងបង្ការគ្រោះអគ្គិភ័យជូនប្រជាពលរដ្ឋ។
ប្រតិបត្តិការបង្ការ និងពន្លត់គ្រោះអគ្គិភ័យនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ខណៈប្រតិបត្តិការអន្តរាគមន៍របស់សមត្ថកិច្ច ក៏ដូចជារថយន្តពន្លត់អគ្គិភ័យនៅតាមបណ្ដាខេត្តជនបទនៅមានការខ្វះខាត មូលហេតុនេះ រដ្ឋាភិបាលសម្រេចបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមចំនួន១១៣គ្រឿង ពីប្រទេសចិន។
កន្លងមក លោក នេត វន្ថា ថ្លែងប្រាប់ Post News ថា បញ្ហាបង្ការគ្រោះអគ្គិភ័យអាចធ្វើឡើងទៅបានដោយជោគជ័យ គឺអាស្រ័យមានការចូលរួមទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋ ព្រោះបើទោះជាមានរថយន្តពន្លត់អគ្គិភ័យច្រើនប៉ុណ្ណា ក៏មិនគ្រប់ដែរ ដូច្នេះប្រជាពលរដ្ឋខ្លួនឯង ត្រូវតែចូលរួមឲ្យបានខ្ពស់បំផុតក្នុងការបង្ការ ក៏ដូចជាអន្តរាគមន៍ឲ្យអស់ពីលទ្ធភាពខណៈអគ្គិភ័យចាប់ផ្ដើមកើតឡើង។ លោកថា “ឡានទឹកនៅប្រទេសកម្ពុជាយើង ប៉ុន្មានក៏មិនចេះគ្រប់ដែរ ប៉ុន្តែគ្រាន់តែសំខាន់ ការអំពាវនាវរបស់សម្តេចតេជោ និងសម្ដេចក្រឡាហោម ប៉ុន្តែការគ្រប់គ្រងភ្លើងល្អ មិនមែនលើរឿងឡានទឹកទេ សំខាន់គឺប្រជាពលរដ្ឋជាអ្នកការពារភ្លើងខ្លួនឯង ក្រុមពន្លត់អគ្គិភ័យគ្រាន់តែជាអ្នកប្រតិបត្តិការជួយទេ ប៉ុន្តែសំខាន់គឺបឋមនោះខ្លួនឯង”។
ក្នុងករណីកើតមានគ្រោះអគ្គិភ័យ លោក នេត វន្ថា ស្នើឲ្យប្រជាពលរដ្ឋត្រូវចេះសង្គ្រោះដោយខ្លួនឯងជាបឋម ដូចជាប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ប៉ាវខ្សាច់ ឬធុងទឹកជាដើម នេះជាចំណុចល្អជាងការប្រើរថយន្តពន្លត់អគ្គិភ័យ ព្រោះអគ្គិភ័យផ្ដើមចេញពីភ្លើងតិចតួច។ លោកក៏ស្នើឲ្យប្រជាពលរដ្ឋត្រូវចូលរួមឲ្យអស់ពីលទ្ធភាពក្នុងការបង្ការ ហើយត្រូវរាយការណ៍សមត្ថកិច្ចមូលដ្ឋានភ្លាមៗ ឬក៏លេខទូរស័ព្ធអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ១៧១៨ នៅពេលមានគ្រោះអគ្គិភ័យកើតឡើង៕
មតិយោបល់