ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា បុរសម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ប្រគល់ឲ្យសមត្ថកិច្ច និង២នាក់ទៀតគេចខ្លួនបាត់ បន្ទាប់ពីនាំគ្នាព្រួតវាយទៅលើបុរសម្នាក់ឲ្យរងរបួសធ្ងន់។
ហេតយការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង៤០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅក្នុងផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជួប មាឃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យ២នាក់ទៀតដែលគេចខ្លួនបាត់នោះត្រូវបានគេស្គាល់ទី១ឈ្មោះ ជូ ម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបកម្មករសំណង់ និងទី២ឈ្មោះ ជួប មេឃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងឈ្មោះជួប មេឃ ធ្លាប់មានរឿងពីមុនយូរមកហើយ លុះថ្ងៃកើតហេតុ រូបគាត់និងប្រពន្ធបានអង្គុយលេងនៅក្នុងផ្សារទួលពង្រ ក្រោយមកស្រាប់តែឈ្មោះ ជួប មេឃ បាននាំបក្សពួក២នាក់ផ្សេងទៀតមកព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ហើយគេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាលរបួស។ លុះរហូតថ្ងៃទី៧ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក ប្រពន្ធជនរងគ្រោះក៏បានឃើញជនដៃដល់នៅក្នុងបន្ទប់ជួលរបស់គេ ទើបហៅបងប្អូនមកឃាត់ខ្លួននិងប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា ខ្លួននិងបក្សពួកពិតជាបានព្រួតវាយទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវរកជនបង្ក២នាក់ទៀត បញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
https://youtu.be/MUcXXfbu05w
មតិយោបល់