ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទលួច និងទទួលផលចោរកម្ម ដកហូតម៉ូតូ ១៦គ្រឿង

កំពង់ស្ពឺ: នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ចំណុចមុខរោងចក្រផាកហែនប៊ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដោយបានបញ្ជាពីលោក ជូ សារុន មេបញ្ជាការ ដោយមានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងកម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក ទិត្យ វណ្ណះ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស នឹង មានការសម្របសម្រួលពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ កែវ ស៊ីថា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទលួចម៉ូតូ និង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ថែមទៀតពីបទទទួលផលចោរកម្ម ៖

១-ឈ្មោះ ជា ភា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរទិញលក់ម៉ូតូ មានទីលំនៅភូមិមហាទំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ស៊ិន រិន្ទដេត ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ទិញលក់ម៉ូតូមានទីលំនៅភូមិ ឃុំ ជាមួយគ្នា។ រួមជាមួយការដកហូតម៉ូតូចំនួន ១៦គ្រឿង មានការសង្ស័យពីបទលួច និងទទួលផលចោរកម្ម ។

បច្ចុប្បន្ន ជនសង្ស័យ ម៉ូតូបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ ៕

មតិយោបល់