ព័ត៌មានជាតិ

Update៖ រថយន្តស៊ីណាដឹកអ្នកដំណើរបែកកង់រេចង្កូតបុករះដើមឈើក្រឡាប់ធ្លាក់ផ្លូវផ្ងារជើង!

ព្រៃវែងៈ លោកអធិការរងស្រុកព្រះស្តេច បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង បន្ទាប់ពីរថយន្តមួយគ្រឿងម៉ាកស៊ីណា បើកក្នុងល្បឿនលឿន បែកកង់រេចង្កូតទៅរះបុកដើមឈើរួចក្រឡាប់ធ្លាក់ពីលើផ្លូវប្រហែល២ម៉ែត្រ សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើបណ្តោយផ្លូវជាតិលេខ១ ភូមិស្មោ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តខាងលើ ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-7837 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីលិចទៅកើតដោយមានមនុស្ស៤នាក់រួមដំណើរក្នុងរថយន្ត លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបែកកងមុខផ្នែកខាងស្តាំ បណ្តាលឲ្យរេចង្កូតបុករះដើមឈើនៅចិញ្ចើមផ្លូវ រួចក្រឡាប់ធ្លាក់ផ្លូវផ្ងារជើងតែម្តង សំណាងល្អគ្មានអ្នករងរបួស។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុ ដោយបានអន្តរាគមន៍ហៅរថយន្តស្ទូច មកស្ទូចរថយន្តខាងលើយកទៅរក្សាទុកផងដែរ៕

មតិយោបល់