ព័ត៌មានជាតិ

Updated:សង្ស័យស្រវឹងស្រាបុរសកម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារផ្ទះល្វែងជាន់ទី៣ស្លាប់

ភ្នំពេញៈមានករណីបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅការដ្ឋានសំណង់អគារកម្ពស់៣ជាន់ដោយមានបុរសម្នាក់សង្ស័យថាស្រវឹងស្រាបានធ្លាក់ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ស៊ូ រ៉ាវេត អាយុ ៣២ឆ្នាំ មុខរបរជាមេការសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកបាវិត ខេត្តស្វាយរៀង។

បើតាមសម្ដីមេការដូចគ្នាដែលមានឈ្មោះ អ៊ុ ប៉ូណា អាយុ ៣៥ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេនិងជនរងគ្រោះបានទិញស្រាបៀរមកផឹកនៅជាន់ទី៣ចំនួន៧កំប៉ុង ដោយជនរងគ្រោះផឹកអស់៣កំប៉ុង ចំណែករូបគាត់ផឹកអស់៤កំប៉ុង ហើយក៏បានចុះមកក្រោមសម្រាកទុកឱ្យជនរងគ្រោះសម្រាកនៅជាន់ទី៣លើអង្រឹងម្នាក់ឯកលុះដល់ម៉ោងនិងថ្ងៃកើតហេតុខាងលើស្រាប់តែឃើញជនរងគ្រោះធ្លាក់ពីលើអាគារស្លាប់តែម្តង។

តាមការធ្វើកោលស្យវិច័យរបស់សមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ សូរ ដារ៉ាត់ (សព) គឺស្លាប់ដោយសារធ្លាក់ពីលើអាគារពិតប្រាកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់