ព័ត៌មានជាតិ

ស៊យហួស! កំពុងលួចឆ្កឹះផ្ទះមន្ត្រីសាលាខណ្ឌ៧មករា ត្រូវម្ចាស់គេទាន់ស្រែកផ្អើលសមត្ថកិច្ចចាប់ជាប់!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ធ្វើការចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យខាងលើនេះ កំពុងធ្វើសកម្មភាពលួចឆ្កឹះផ្ទះប្រជាពលរដ្ឋបម្រុងលួចទ្រព្យសម្បត្តិ តែសំណាងអាក្រក់ត្រូវម្ចាស់គេតាមទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៧៩J ផ្លូវកាំកូ ក្រុម៧ សងា្កត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ដា នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្ចាស់បន្ទប់មានឈ្មោះ ទូច សារឹម ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរជាមន្ត្រីសាលាខណ្ឌ៧មករា។

មុនពេលកើតហេតុ គេបានឃើញ ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពឡើងទៅបន្ទប់ជួល រួចឆ្កិះសោបន្ទប់ តែត្រូវជនរងគ្រោះទាន់បានស្រែកឆោរឡោ ភ្លាមនោះ កម្លាំងល្បាតខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ ដែលកំពុងល្បាតក្បែរនោះឃើញទាន់ ក៏អន្តរាគមន៍ឈានទៅ ឃាត់ខ្លួនជាក់ស្តែងបានតែម្តង ខណ:ដែលកំពុងធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់