ស្ទឹងត្រែងៈ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបំបែកសំណុំរឿងករណីឃាតកម្ម ដោយគិតទុកជាមុន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាស្រ្តវ៉ារីអគ្គិសនីសេសានក្រោមពីរ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថ ប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន ទី១ឈ្មោះ វិន ដា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិកន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ និងទី២ឈ្មោះ ធឿន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ អ្នកទាំងពីរ មកស៊ីឈ្នួលអារឈើ និងរស់នៅភូមិឃុំខាងលើជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានអាវុធហត្ថនាំខ្លួនមកសួរចម្លើយនៅបន្ទាយខេត្ត រួចបន្តនាំខ្លួនទៅចង្អុលបង្ហាញកន្លែងដែលបានប្រព្រឹត្តបទល្មើសនៅក្នុងភូមិឃុំខាងលើ។ ព័ត៌មានលម្អិតនឹងផ្សាយជូនបន្តនៅពេលក្រោយទៀត៕
មតិយោបល់