ព័ត៌មានជាតិ

រន្ធត់ចិត្តណាស់ ! សាកសពទារិកាម្នាក់ ត្រូវបានអ្នកភូមិទៅបេះត្រកួនប្រទះឃើញអណ្ដែតទឹក

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកភូមិចាក់ជ្រូកមានការភ្ញាក់ផ្អើល បន្ទាប់ពីទៅបេះត្រកួននៅក្នុងដីឡូត៌មួយកន្លែង ដែលជាវាល ទំនាបមានទឹកដក់ ហើយស្រាប់តែប្រទះឃើញសពទារិកាម្នាក់ អណ្ដែតទឹកកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅក្នុងរបងដីឡូត៌មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា ទារិកានោះទើបនិងកើតមកថ្មី ហើយទំនងជាកើតមកភ្លាមក៏ស្លាប់ទៅវិញ ហើយសង្ស័យត្រូវម្ដាយ ឬសាច់ញាតិរបស់ស្រ្តីជាម្ដាយនោះបោះចោល នាវេលាយប់ទើបពុំមានអ្នកបានឃើញ រហូតព្រឹកឡើងទើបត្រូវបានប្រទះឃើញ និងមានការភ្ញាក់ផ្អើល ។

ទារិកានោះ មានអវ:យវ:គ្រប់គ្រាន់ ជាមនុស្សពេញលក្ខណ: ប៉ុន្តែគេមិនមិនដឹងថា ហេតុអ្វីទើបបានជាកើតមកហើយស្លាប់ទៅវិញរបៀបនេះឡើយ ប៉ុន្តែទោះជាបែបណាឪពុកម្ដាយមិនគួរធ្វើបែបនេះទេ គួរតែរកទីកន្លែង បញ្ចុះឬក៏បូជាឲ្យបានត្រឹមត្រូវ ផ្ទុយទៅវិញបែរជាយកទៅបោះចោលដូចជាសត្វធាតុបែបនេះទៅវិញ ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បានដើរបេះត្រកួន នៅក្នុងដីឡូត៌ខាងលើ លុះពេលចូលទៅដល់ស្រាប់តែ ប្រទះឃើញមានសពទារិកាអណ្ដែតទឹក ទើបស្រែកប្រាប់តៗគ្នាឲ្យទៅមើល និងបានរាយការណ៏ប្រាប់អាជ្ញាធរភូមិ និងនគរបាល ឲ្យចុះទៅពិនិត្យមើលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ហើយសពទារិកានោះទំនងជាត្រូវគេយកទៅបោះ ចោលនាវេលាយប់ ទើបគ្មាននរណាម្នាក់បានដឹង ហើយក្រោយពេលនគរបាលពិនិត្យរួច សាកសពទារិកា នោះត្រូវបាននាំយកទៅបូជានៅក្នុងឈាបដ្ឋានវត្តត្រពាំងឈូក ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់