ព័ត៌មានជាតិ

លោក មាស ច័ន្ទពិសិដ្ឋ៖ សមត្ថកិច្ចអាចឃាត់ខ្លួនជនសង្ស័យ ឈាន ពិសិដ្ឋ បានគ្រប់ពេលក្រោយមានដីកា បញ្ជាឲ្យចូលខ្លួន

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ ថា សមត្ថកិច្ចអាចឃាត់ខ្លួនជនសង្ស័យ ឈាន ពិសិដ្ឋ បានគ្រប់ពេលចាប់តាំងពីពេលដែលលោក បានចេញដីកាបញ្ជាឲ្យចូលខ្លួន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះផងដែរ បានថ្លែងតាមទូរសព្ទថា សមត្ថកិច្ចបានដឹងទីតាំងដែលជនសង្ស័យ ឈាន ពិសិដ្ឋ កំពុងលាក់ខ្លួនហើយ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនជនសង្ស័យនៅឡើយទេ។

សូមបញ្ជាក់ថា លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ បានចេញដីកាបញ្ជាឲ្យចូលខ្លួន ដែលតម្រូវឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វាព្រំដែនប៉ោយប៉ែត ត្រូវទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ច ប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនប៉ោយប៉ែត។

ដីកានេះតម្រូវឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ ចូលខ្លួនដើម្បីបំភ្លឺពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វាព្រំដែនប៉ោយប៉ែត នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងដីកានេះលោក មាស ច័ន្ទពិសិដ្ឋ បានតម្រូវឲ្យជនសង្ស័យឈ្មោះ ឈាន ពិសិដ្ឋ ចូលខ្លួនទៅបំភ្លឺត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ហើយដីកាក៏បានអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណ:ដើម្បីបង្ខំឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ ចូលបង្ហាញខ្លួន។

ការចេញដីកាបញ្ជាឲ្យចូលខ្លួនខាងលើនេះ ធ្វើឡើងនៅក្រោយពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសដកមុខតំណែងជនសង្ស័យ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងបានបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍។

គួររំលឹកថា ជនសង្ស័យ ឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាន ប្រើអាវុធខ្លីម៉ាកហ្វេអាកុល បាញ់ប្រហារ ប៉ុនប៉ងផ្តាច់ជីវិតជនរងគ្រោះឈ្មោះ សេម មករា តួនាទីនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចគ្នា កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍។ ជាកុសលល្អ ជនរងគ្រោះមិនត្រូវរបួសធ្ងន់ធ្ងរទេ ដោយត្រូវចំស្មារបួសស្រាល។ ក្រោយពេលបាញ់ជនរងគ្រោះរួចជនសង្ស័យ ឈាន ពិសិដ្ឋ បានរត់គេចខ្លួយចូលក្នុងទឹកដីថៃដោយសុវត្ថិភាព៕

មតិយោបល់