ព័ត៌មានជាតិ

បោកលុយជាង១០ម៉ឺនដុល្លារហើយ ផ្អាកអាជីវកម្មផ្ញើម៉ូតូទាំង៣ផ្លូវទៀត!

ភ្នំពេញ: ចាប់ពីរសៀល រហូតដល់យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ត្រីម្នាក់បានកើតទុក្ខមិនសុខចិត្ត រឿងសន្តិសុខសាលាខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់និងផ្អាកការធ្វើអាជីវកម្មផ្ញើកង់ម៉ូតូនៅផ្សាររាត្រីទាំង៣ផ្លូវ ដែលមានលិខិតផ្ទេរសិទ្ធិចំណតផ្សាររាត្រីពីលោក អ៊ុន ណូផា ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ហេតុការណ៍នេះកើតឡើងនៅផ្សាររាត្រី ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីដែលបានស្រែកយំឡូឡានិងចោទលោក អ៊ុន ណូផា មានឈ្មោះ ជៀក គឹមស្រូវ ហៅលីន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរផ្ញើកង់ម៉ូតូ ស្នាក់ម្តុំទួលទំពូង ក្នុងទឹកដីខណ្ឌចម្ការមន រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់ថាលោក អ៊ុន ណូផា បានយកសិទ្ធិជាប្រធានផ្សារដើរបោកជាប្រព័ន្ធ ដោយមានក្រដាសផ្តិតមេដៃខ្ចីលុយសរុបចំនួន ៨៥,០០០ ដុល្លារ ដែលមានលុយគាត់ចំនួន ២៥,០០០ ដុល្លារ ( ជៀក គឺមស្រូវ )។

គាត់បាននិយាយបន្តទៀតថា លោក អ៊ុន ណូផា បានប្រើរូបភាពឲ្យខាងក្រុមហ៊ុនសូណាត្រា ខាលីង (sonatra carling) ដែលគ្មានលិខិតស្នាមបញ្ជាក់ឡើយ ស្រាប់តែមានក្រុមសន្តិសុខសាលាខណ្ឌដូនពេញចុះមករៀបចំសណ្តាប់ធ្នាប់ ដោយមកផ្អាកខាងគាត់ឈប់ធ្វើអាជីវកម្មលើចំណតទាំង៣ផ្លូវនៅផ្សាររាត្រីទៀត ។

ចំពោះខាងសន្តិសុខសាលាខណ្ឌដូនពេញលោក គឹម រតនា ប្រធានសណ្ដាប់ធ្នាប់បានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងដែលអាចទទួលផ្ញើម៉ូតូបាននោះគឺអនុញ្ញាតឲ្យតែនៅផ្លូវលេខ១៣ តែប៉ុណ្ណោះ ពោលគឺនៅខាងក្រោយផ្សាររាត្រីតែម្ដង។ ដោយឡែកនៅលើផ្លូវព្រះស៊ីសុវត្ថិ គឺមិនអនុញ្ញាតឲ្យមានការទទួលផ្ញើម៉ូតូនោះឡើយ។ ចំណែកឯនៅលើផ្លូវលេខ១០៨ និងផ្លូវលេខ១០៦នោះ សាលារាជធានីភ្នំពេញបានគូសគំនូសឲ្យតែរថយន្ដឈប់ គឺមិនអនុញ្ញាតឲ្យមានកន្លែងទទួលផ្ញើម៉ូតូនោះទេ។ លោកបានបន្តទៀតថា ចំពោះករណីដែលស្រ្តីទទួលផ្ញើម៉ូតូដែលស្រែកទ្រហ៊ោយំនោះ ហើយនិយាយថារូបគាត់បានបង់ប្រាក់អស់ចំនួន៨ម៉ឺនប្រាំពាន់ដុល្លារ ឲ្យទៅខាងសន្តិសុខសាលាខណ្ឌនោះ គឺជារឿងរបស់បុគ្គលនោះទេ គឺខាងសាលាខណ្ឌពុំបានដឹងរឿងនោះទេ ។

ពាក់ព័ន្ធករណីមន្រ្តីសន្តិសុខសាលាខណ្ឌដូនពេញម្នាក់ឈ្មោះ អ៊ុន ណូផា ព្រនាម ៧៩ បានប្រាប់ឲ្យដឹងថា រូបលោកទទួលបានសិទ្ធិពីក្រុមហ៊ុនសូណាត្រា ខាលីង (sonatra carling) មកគ្រប់គ្រង់។ ហើយខាងលោកស្រី ជៀក គឹមស្រូវ ខុសលក្ខខណ្ឌជាច្រើនចំណុច ទី១គឺរឿងសណ្តាប់ធ្នាប់អនាម័យ ,ទី២ខាងអ្នកទទួលម៉ៅការចំណតផ្សាររាត្រីទាំង៣ផ្លូវពីគាត់មិនបានបង់លុយចំនួន៧ខែ ដោយក្នុងមួយខែមានចំនួន៥២០០ដុល្លារ ,ទី៣ តម្លៃផ្ញើកង់ម៉ូតូឡើងថ្លៃពី៣,០០០រៀល ទៅដល់៤,០០០រៀល ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវករ និងភ្ញៀវមកលេងនៅក្នុងផ្សាររាត្រី , ទី៤លោកស្រី ជៀក គឹមស្រូវ មិនមែនជាដៃគូពាណិជ្ជកម្មជាមួយលោកទេ រីឯចំណុចទី៥ខាងលោកស្រី ជៀក គឹមស្រូវមិនយល់ន័យពាក្យផ្ទេរសិទ្ធិនៅពេលគាត់រវល់ និង មិនមានកុងត្រាកិច្ចសន្យាណាមួយបញ្ជាក់ពីការប្រកបអាជីវកម្មចំណតផ្សាររាត្រីនេះឡើយ ហើយថែមទាំងចោទថាគាត់ជាអ្នកដើរបោកជាប្រព័ន្ធទៀត ។

ជាចុងក្រោយលោក គឹម រតនា ប្រធានសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ បានបញ្ជាក់ថាម៉ូតូចំនួន៩គ្រឿងដែលកម្លាំងសណ្ដាប់ធ្លាប់ចាប់ដឹកយកមកសាលាខណ្ឌនោះ គឺសាលាខណ្ឌបានធ្វើការណែនាំដល់ម្ចាស់ទីតាំងឲ្យយល់រួចក៏បានប្រគល់ម៉ូតូឲ្យទៅម្ចាស់ដើមវិញដែរ៕

មតិយោបល់