Post News Media ព័ត៌មានជាតិ ជីវិតមនុស្សមើ...

ជីវិតមនុស្សមើលឃើញ! បុរសម្នាក់ រយ៉ែរថយន្តថយក្រោយមិនប្រយ័ត្ន កិនបុរសម្នាក់ស្លាប់មួយរំពេច

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៨និង៥០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តមួយគ្រឿងរយ៉ែថយក្រោយកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅមុខឃ្លាំងសំណង់របស់ឈ្មោះ ខែម ថាច ភេទប្រុស អាយុ៤៣ឆ្នាំ នៅក្នុងភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ចំណុះ១,២៥តោន ពាក់ស្លាកលេខ ត្បូងឃ្មុំ2A-0651 អ្នកបើកបរឈ្មោះ ណាន ភេទប្រុស។ ចំណែកជនរងគ្រោះមានឈ្មោះ សុង ហ៊ាត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជាកម្មករ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕