តាកែវ: មិនដល់មួយអាទិត្យទៀតទេ ខ្ទមធ្លុះធ្លាយដែលរងចាំម្ចាស់រយៈពេលយូរឆ្នាំក្នុងការស្ថាបនាទៅជាលំនៅដ្ឋានដ៍រឹងមាំ ពេលនេះបានចាប់ផ្តើមលេចចេញជារូបរាងហើយ។
នៅម៉ោង៤រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក ទិត្យ វិច្ឆិកា បាននាំសប្បុរជន និងជាងធ្វើផ្ទះ ទៅមើលទីតាំង និងរៀបចំសាងសង់ផ្ទះជូនលោកយាយ ខាន់ តៅ ចំនួន២ខ្នង មួយខ្នងផ្ទះលោកយាយ និងមួយខ្នងទៀតឲ្យកូនប្រុសលោកយាយដែលពិការភ្នែកនៅជាមួយ។
លោក ទិត្យ វិច្ឆិការ បានប្រាប់ Post News ថា លោកមិនចាំជំនួយរបស់សប្បុរសជនទេ ពីព្រោះរដូវវស្សារជិតមកដល់ហើយ មិនតែប៉ុណ្ណោះ ស្ថានភាពជំងឺរបស់លោកយាយ ខាន់ តៅ ក៍កាន់តែធ្ងន់ធ្ងរជាងមុន ដោយសារមានភ្លៀងធ្លាក់ជាច្រើនមកលើរូប លោកយាយ ខាន់ តៅ ផងដែរ។
លោកទិត្យ វិច្ឆិការ បានវាយតម្លៃជាជំហ៊ានដំបូងផ្ទះដែលធ្វើពីថ្មប្រក់ស័ង្កសី ទំហំ៤ម៉ែត្រ x ៦ម៉ែត្រ ចំនួន២ខ្នង អាច នឹងចំណាយអស់ទឹកប្រាក់៨០០០$ ដែលថវិកាទាំងអស់កើតចេញពីមូលនិធិសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក តាមរយះលោក ទិត្យ វិច្ឆិកា។
ជីវិតលោកយាយវ័យចំណាស់ ពិការដើរមិនរួច និងកូនប្រុសពិការភ្នែក ជ្រកក្រោមខ្ទមកម្សត់ ស្ថិតក្នុងចំណារព្រហ្មលិខិតនិងកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ពេលនេះបានជួបភ័ព្វសំណាងហើយ ។
ស្ថិតនៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកយាយសាន់ តៅ វ័យ៨៣ឆ្នាំ បច្ចុប្បន្ន មានកូន៣នាក់ (ស្រី២ប្រុស១) កូនប្រុស លោកយាយ ពិការជើងនិងភ្នែក តាំងពីកំណើត ចំណែកលោកយាយ សាន់ តៅ មានជំងឺប្រចាំកាយ(ក្វិន)។
សារព័ត៌មាន Post News Media ក៏សូមអំពាវនាវ ដល់ សប្បុរសជនគ្រប់ទិសទី មេត្តាចូលរួម ជួយដល់លោកយាយដោយធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ ០១០ ៦១ ៨០ ០២។ សារព័ត៌មាន Post News Medai នឹងយកអំណោយ ដែលសប្បុរសជន ជួយដល់លោកយាយ ទៅដល់ផ្ទះលោកយាយផ្ទាល់៕
មតិយោបល់