ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរថ្ងៃទី៣ នៅផ្លូវជាតិលេខ ៥ រថយន្តកិនមនុស្សស្លាប់ម្នាក់ទៀតហើយ

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២១ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូវីវ៉ានិងម៉ូតូហុងដាឌ្រីម បណ្តាលឲ្យអ្នកបើកបរម៉ូតូវីវ៉ាម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ណាល់ ផានិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិហៃភេន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា សេរីឆ្នាំ ៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ៨៧១២ បប១ បើកបរពីលិចទៅកើត ខណ:នោះមានម៉ូតូមួយគ្រឿងទៀតម៉ាក់ហុងដាឌ្រីម សេរីឆ្នាំ ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ តែមានលេខម៉ាសុីន ៩៤៦០៤៣៣ អ្នកបើកបរមានឈ្មោះ គឹម តុលា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជ្រៃថ្មី ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសស្រាល បើកបរពីកើតទៅលិច មកដល់ចំណុចកើតហេតុម៉ូតូទាំង២ប៉ះគ្នាបណ្តាលឲ្យម៉ូតូវីវ៉ាដួលលើទ្រូងផ្លូវអ្នកបើកបរដួលត្រូវបានរថយន្តមិនស្គាល់អត្តសញ្ញាបើកបរពីកើតទៅលិចកិនចំពីលើបណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ចំនែករថយន្តជិះគេចខ្លួនបាត់ ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំនែកម៉ូតូទាំង២ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ៕

មតិយោបល់