Post News Media ព័ត៌មានជាតិ Update : រថយន...

Update : រថយន្តមន្ត្រីយោធាកងពលធំលេខ ៣ ប៉ះម៉ូតូហុងដាឌ្រីម របួសធ្ងន់ស្រាល នៅស្រុកព្រៃកប្បាស

តាកែវ: លោកអធិការស្រុកព្រៃកប្បាសបានប្រាប់ Post News Media ថាកាលពីវេលាម៉ោង ២ និង ១៥ នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមន្ត្រីយោធាកងពលធំលេខ៣ និងម៉ូតូហុងដាឌ្រីម បើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើត បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាល នៅចំណុចផ្លូវលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២៣ និង ២៤ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាយ ខេត្តតាកែវ ។

រថយន្តបង្កខាងលើម៉ាក ISUZU ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ ២ ៤២៩៨ បើកបរដោយឈ្មោះ ឯន ថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីយោធាអង្គភាពកលពលធំលេខ ៣ ស្នាក់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ បើកបរពីកើតទៅលិច ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកព្រៃកប្បាស ។ រីឯម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ 1CI 8439 បើកបរដោយឈ្មោះ វ៉ង់ រិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចេក ឃុំចំប៉ា ស្រុកពៃកប្បាស រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) បញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ និងអ្នករួមដំណើរឈ្មោះ ទ្រី ស៊ីណាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ។

បច្ចុប្បន្នវត្ថុតាងម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកព្រៃកប្បាស ដើម្បីរង់ចាំការដោះស្រាយនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕