ព័ត៌មានជាតិ

ស៊ន សៀវមី ទទួលបានមេដាយប្រាក់ក្នុងការប្រកួតជើងឯកទ្វីបអាស៊ី

(ភ្នំពេញ)៖ស៊ន សៀវម៉ី កីឡាការិនីជម្រើសជាតិកីឡាតេក្វាន់ដូកម្ពុជា បានទទួលមេដាយប្រាក់អាស៊ីមួយគ្រឿងទៀត បន្ទាប់ពីឈ្នះមេដាយមាសអូឡាំពិកកាលពីចុងសប្តាហ៍កន្លងមកនេះ។ មេដាយប្រាក់ដែលសៀវម៉ីទទួលបាននេះ គឺបានពីក្នុងការប្រកួតកីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ី (ASIAN TAEKWONDO CHAMPIONSHIPS 2016) នៅប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃទី១៨មេសា ។ នេះបើតាមការឲ្យដឹងពីខេមរៈសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ។

លោក ហែម សំណាង អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ឲ្យដឹងថា កីឡាការិនី ស៊ន សៀវម៉ី បានឆ្លងកាត់៣ប្រកួត ដែលពីរដំបូងបានឈ្នះកីឡាការិនីវៀតណាម និងកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ប៉ុន្ដែនៅពេលឈានចូលវគ្គផ្តាច់ព្រ័ត្រ សៀវម៉ីបានប្រកួតចាញ់ជើងខ្លាំងរបស់កូរ៉េខាងត្បូង ដែលជាម្ចាស់ក្បាច់គុន ធ្វើឲ្យបានត្រឹមមេដាយប្រាក់នេះ ។

គួរបញ្ជាក់ថា កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ជាម្ចាស់មេដាយមាសកីឡាអាស៊ីលើកទី១៧ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ហើយពេលនេះបានទទួលមេដាយប្រាក់ ពីការប្រកួតកីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ីលើកទី១៨ (ASIAN TAEKWONDO CHAMPIONSHIPS 2016) នៅប្រទេសហ្វីលីពីន។

អ្វីដែលពិសេសជាងនេះទៀតនោះ កីឡាការិនី ស៊ន សៀវម៉ី បានក្លាយជាវីរៈនារីកម្ពុជាឆ្នើមទី១ ដែលដណ្ដើមបានឈ្នះមេដាយមាស ក្នុងការប្រកួតជម្រុះអូឡាំពិកទ្វីបអាស៊ីកាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយទទួលបានសិទ្ធិជាផ្លូវការសម្រាប់ចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នៅខែសីហាខាងមុខនេះ៕

10625095_584739338296938_148337259920998176_n

មតិយោបល់