ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌ! ប្រពន្ធទៅវត្តសោះបែរថាទៅរកប្រុស ក៏ចាប់វាយត្រូវសមត្ថកិច្ចឃាត់ខ្លួន បែរជារកឃើញថ្នាំញៀន

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានម្តាយក្មេកប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពវាយប្រពន្ធ រួចក៏ឆែកឆេរ រកឃើញថ្នាំញៀនចំនួន២កញ្ចប់ ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ រៀល បូរ៉ាន់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកកICE )ចំនួន២កញ្ចប់តូច, កន្រ្តៃចំនួន៣, ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន, កាបូបស្ពាយពណ៌ខ្មៅ១
,ទូរសព្ទម៉ាកTG ពណ៌សលាយផ្កាឈូក ចំនួន១គ្រឿង និងទុយោជ័រមួយចំនួន។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កាលពីពេលកន្លងមក ជនសង្ស័យរូបនេះជាមុខសញ្ញាប្រើប្រាស់ និងជួញដូរថ្នាំញៀនយ៉ាងសកម្ម ។ លុះនៅថ្ងៃកើតហេតុវេលាម៉ោង៩ព្រឹក ឈ្មោះ ព្រិល ស្រីពៅ ត្រូវជាប្រពន្ធ បានរៀបចំបាយសម្ល យកទៅវត្ត ពេលនោះជនសង្ស័យជាប្តីបាននិយាយថា ហ្អែងធ្វើខ្លួនទៅរកប្រុសទៀតហើយ! រួចក៏ប្រើហិង្សាលើប្រពន្ធ ឃើញដូចនេះម្តាយក្មេក ក៏រត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួង កម្លាំងនគរបាលចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលព្រែកលួង។

បន្ទាប់មកសមត្ថកិច្ចនគរបាលធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកក ICE ចំនួន២កញ្ចប់តូច កន្រ្តៃចំនួន៣ ទុយោជ័រមួយចំនួន និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរសព្ទម៉ាកTG ចំនួន១គ្រឿង នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ ហើយបានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់