ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំ២០១៧នៅខេត្តកណ្តាល ថយចុះជាងឆ្នាំ២០១៦!

កណ្តាលៈ បើយោងតាមរបាយការណ៍ចរាចរណ៏ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ អត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះជាងឆ្នាំមុន បណ្តាលឲ្យមនុស្សស្លាប់ម្នាក់។

លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកផែនចរាចរណ៍បានប្រាប់ Post News ឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃចូលឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមភូមិសាស្រ្តនានា ក្នុងខេត្តកណ្តាលកើតឡើង៤លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាល១០នាក់ និងបណ្តាលឲ្យខូចរថយន្ត១គ្រឿង និងម៉ូតូចំនួន៧គ្រឿង។

ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៤លើក ក្នុងឆ្នាំនេះកើតមាននៅស្រុកកោះធំចំនួន ២ករណី ក្រុងតាខ្មៅ១ករណី និងស្រុកពញាឮចំនួន២ករណី។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះជាងឆ្នាំមុន ខណៈកាលពីឆ្នាំ២០១៦ កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៥ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤នាក់និងរបួសធ្ងន់ចំនួន ១៣នាក់ ហើយគ្រោះថ្នាក់ទាំងនេះភាគច្រើនកើតឡើងដោយសារការបើកបរមិនប្រកាន់ស្តាំ ការមិនមានការអធ្យាស្រ័យ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ការថយចុះគឺដោយសារមានការអប់រំ ណែនាំ និងផ្សព្វផ្សាយឲ្យមានការយល់ដឹងពីច្បាប់ចរាចរណ៍ របស់មន្រ្តីនគរបាលជំនាញចរាចរណ៍ និងដោយសារមានការយល់ដឹងច្រើនពីសំណាក់ពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ចរាចរណ៍ទាំងអស់គ្នា៕

មតិយោបល់