កំពង់ឆ្នាំងៈ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីជម្លោះពាក្យសម្តី ព្រោះតែការបើកបរមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ។
សូមបញ្ជាក់៖ តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះ គេបានឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឲ្យបុរសជិះម៉ូតូបើកបរឲ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង។
បើយោងតាមស្លាកលេខរថយន្ត «ភ្នំពេញ. 2AD-0819» បានបញ្ជាក់ថា រថយន្តនេះមានម្ចាស់ឈ្មោះ «ញឹក ផន» អ្នកបើកបរជាកូនប្រុសរបស់ឧកញ៉ា ញឹក ផន ដែលជាម្ចាស់កម្មសិទ្ធិកររថយន្ត។
ក្រោយពីកើតហេតុអ្នកបើកបរ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនពីបទ គំរាមកំហែង និងកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត៕
មតិយោបល់