ព័ត៌មានជាតិ

ទាស់សម្ដីវាយគ្នា អ្នកឈ្នះបានដេកក្នុងទ្រុង អ្នកចាញ់បានដេកក្នុងពេទ្យ

កំពត: យុវជន២នាក់ផឹកសុី ទាស់សំដីគ្នា ឈានទៅបង្កហិង្សាដាក់គ្នា ម្នាក់ដេកពេទ្យ ម្នាក់ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន កាលពីម៉ោង៦និង៣០នាទី ក្បាលព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ មន្ត្រីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដេកពេទ្យ ឈ្មោះ ប៊ិន ដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ។ ម្នាក់ត្រូវកម្លាំងឃាត់ខ្លួន ឈ្មោះ ឆន ពិសិទ្ទ ភេទប្រុស អាយុ២៩ឆ្នាំ ទាំង២នាក់ រស់នៅក្នុង ភូមិ ឃុំ កើតហេតុខាងលើ។

មន្ត្រីនគរបាលរូបនេះ បន្តថា យុវជនទាំង២នាក់នេះ បានផឹកសុីជាមួយគ្នា ស្រវឹងជោគខ្លួន ហើយក៏បង្កើតជាជំលួស ដោយឈ្មោះ ប៊ិន ដារ៉ូ ជាដើមហេតុ បានធ្វើសកម្មភាព ទាញយកបានអង្រែថ្មមួយ គប់ទៅលើឈ្មោះ ឆន ពិសិទ្ធ តែគេចផុត ហើយត្រូវ ឆន ពិសិទ្ធ តបវិញ ដោយយកដំបងដែកជ្រុងប្រវែង១ម៉ែត្រ វាយទៅលើក្បាលពីក្រោយជនរងគ្រោះ ចំនួន៣ដំបង បណ្តាលឲ្យបែកក្បាល ហូរឈាម រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវក្រុមគ្រួសារ ដឹកនាំយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្របង្អែកខេត្តកំពត។ ចំណែកជនល្មើស ត្រូវបានកម្លាំងចុះទៅឃាត់ខ្លួន នាំយកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ឋបាលឃុំបឹងទូក ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

photo_2016-05-16_22-13-25 photo_2016-05-16_22-13-26

មតិយោបល់