បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៦និង២៥នាទី នៅផ្លូវជាតិលេខ៥៩ ចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០១លើករវាងម៉ូតូ និងត្រាក់ទ័រ បណ្តាលអោយមនុស្ស០១នាក់ស្លាប់បាត់បង់ជីវិត ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយត្រាក់ទ័រពណ៌ខៀវចាស់ អ្នកបើកបរឈ្មោះ មៀន ដា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (គ្មានរបួស) បើកបរស្របទិសគ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏បត់ឆ្វេង បានបុកម៉ូតូ០១គ្រឿង ម៉ាកសង់ឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AI-5011 អ្នកបើកបរម៉ូតូឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ មានមួកសុវត្ថិភាព) ។
ក្រោយពីសមត្ថកិច្ចចុះវាស់វែង និងពិនិត្យកន្លែងកើតហេតុរួច អាចបញ្ជាក់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងត្រាក់ទ័របត់ឆ្វេងមិនប្រយ័ត្ន ចំណែកម៉ូតូបើកលឿនផង ទើបបណ្ដាលអោយបុកត្រាក់ទ័រតែម្ដង ។
ករណីនេះ នគរបាលស្រុកបានដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដោយឡែកសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់