ព័ត៌មានជាតិ

សប្បាយពេក! ជិះម៉ូតូទាំងក្រុមស្រែកឡូឡាតាមភូមិទៅរាំទៅបាស់ ត្រូវគេកាប់បាក់ដៃម្ខាង

កណ្តាលៈ យុវជនម្នាក់ រងរបួសធ្ងន់បាក់ដៃ ក្រោយពីជនរងគ្រោះរួមនិងមិត្តភក្តិប្រហែល១០នាក់ទៀត នាំគ្នាជិះម៉ូតូតាមផ្លូវស្រែកឡូឡា គោលបំណងទៅរាំបាស់នៅវត្តស្រែអំបិល ចេញមកវិញត្រូវជនដៃដល់ កាប់បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះដែលត្រូវគេកាប់បណ្តាលឲ្យរបួសនេះ មានឈ្មោះ វៃ ជូអេងឡាយ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនឹងមិត្តភក្តិរបស់ខ្លួនមានគ្នា១០នាក់ ជិះម៉ូតូ៤គ្រឿងស្រែកហ៊ោ ឡូឡាតាមផ្លូវលំ ភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល គោលបំណងទៅរាំធុងបាស់នៅក្នុងវត្តស្រែអំពិល លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះ និងមិត្តភក្តិ ដែលរួមដំណើរជាមួយគ្នាតែមិនត្រូវ ហើយជនរងគ្រោះនិងមិត្តភក្តិ ក៏នាំគ្នាជិះចូលក្នុងវត្តស្រែអំពិលបានប្រហែល៥នាទី ជនរងគ្រោះនិងមិត្តភក្តិក៏នាំគ្នាជិះម៉ូតូត្រឡប់មកវិញគោលបំណងទៅផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានយកកាំបិត និង កណ្តៀវកាន់ដៃសងខាង រត់ចេញមកកាប់ជនរងគ្រោះត្រូវចំដៃស្តាំ បណ្តាឲ្យមានរបួសស្នាម ហើយបានរត់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុហើយនោះ ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពឃុំកំពង់ស្វាយ តែដោយមុខរបួសមានសភាពធ្ងន់ធ្ងរ ក៏បានហៅរថយន្តសង្គ្រោះដឹកបញ្ជូនមកមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ ។ ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍ឈើទាលបានចុះទៅដល់កន្លែងកើតហេតុស្វែងរកជនល្មើសនិង បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់