ភ្នំពេញៈ នេន១អង្គ និងយុវជនម្នាក់ទៀតត្រូវបាន អ្នកបើករម៉កកង់បីដឹកចូលទៅក្នុងវត្តសំរោងអណ្តែត និងបានរាយការណ៍សមត្ថកិច្ច ខណៈដែលកំពុងឈ្លោះគ្នាលើរម៉កកង់បីតាមផ្លូវសាធារណៈ សង្ស័យបែកថ្នាំ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុច មុខមន្ទីរពេទ្យរតនៈ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នេនខាងលើមានព្រះនាម អ៊ិន ទេព ព្រះជន្ម២៥ព្រះវស្សា គង់នៅវត្តត្រពាំងត្រកៀត ស្ថិតនៅភូមិត្រពាំងត្រកៀត ឃុំតំបូកខ្ពស់ ស្រុកដងទង់ ខេត្តកំពត។ ចំណែកយុវជនម្នាក់ត្រូវជាប្អូនបង្កើតរបស់នេនខាងលើឈ្មោះ អ៊ិន សេរី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបន្តថា កាលពីរសៀលមុនកើតហេតុ ទទួលបានសេចក្តីរាយការណ៍ពីអនុគណៈខណ្ឌសែនសុខ ថាមានរម៉កកង់បីមួយគ្រឿងបានដឹកនេនមួយអង្គ និងយុវជនម្នាក់មកកាន់វត្តសំរោងអណ្តែត ព្រះតេជគុណបានសាកសួររកឯកសារ ពាក់ព័ន្ធនិងព្រះសង្ឃ ដូចជាសង្ឃដីកាឬឆាយាជាដើម ប៉ុន្តែមិនមានឯកសារអ្វីទាំងអស់ ថែមទាំងមានអាការៈដូចមនុស្សបែកថ្នាំ ទើបសូមសមត្ថកិច្ចចុះមកជួយពិនិត្យតែម្តង។
សមត្ថកិច្ចដដែលបានបន្តថា ក្រោយធ្វើតេស្តទឹកនោមទៅលើយុវជន និងនេន ខាងលើ ឃើញមានផ្ទុកនូវសារធាតុញៀន អនុគណៈខណ្ឌ បានផ្សឹកនេនខាងលើ និងបានប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ច នេន អ៊ិន ទេព ប្រាប់ថា នៅរសៀលថ្ងៃទី១៥ មេសា ២០១៧ លោកបាននិមន្តមកពីខេត្តកំពតមកលេងជីដូន នៅក្នុងខណ្ឌឬស្សីកែវ ហើយនៅវេលាម៉ោងខាងលើ នេន បាននិមន្តតាមរម៉កកង់បីគោលបំណងទៅផ្សារទិញអីវ៉ាន់ ខណៈមកដល់ចំណុចកើតហេតុ ប្អូនប្រុស បានស្រែកឡូរឡាលើរ៉ម៉កកង់បីបង្កការភ្ញាក់ផ្អើលមនៅទីសាធារណៈ ហើយត្រូវបានអ្នកដឹករម៉កកង់បីដឹកមកវត្តសំរោងអណ្តែតតែម្តង។
ក្រោយពេលផ្សឹករួច ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តទៀត៕
មតិយោបល់