Post News Media ព័ត៌មានជាតិ បុរសម្នាក់កើត...

បុរសម្នាក់កើតជំងឺតេតាណុសប្រកាច់ដួលផ្កាប់មុខធ្លាក់ពីលើជណ្តើរផ្ទះបោកក្បាលស្លាប់នៅបឹងត្របែក

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា បុរសម្នាក់ដែលមានជំងឺប្រចាំកាយគឺជំងឺតេតតាណុសនោះ បានប្រកាច់ដួលផ្កាប់មុខធ្លាក់ពីលើជណ្តើរផ្ទះបោកក្បាលហូរឈាមស្លាប់បាត់បង់ជីវិត ខណ:ពេលដែលកំពុងតែដេកនៅក្នុងបន្ទប់ផ្ទះជួលភ្ញាក់ឡើងនឹកឃើញចង់ចុះទៅដើរលេងខាងក្រោមជាមួយគេនោះ ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង ៥៥នាទីរសៀល ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ នៅផ្ទះលេខ ១០ ផ្លូវលេខ ១០១ កែងនិងផ្លូវលេខ ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប៉ូលិសមូលដ្ឋានបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ទុំ រ៉ាមូ អាយុ ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ចាន់ សុធី អាយុ ៤៦ឆ្នាំ បច្ចុប្បន្នស្នាក់់នៅផ្ទះជួលខាងលើ ជាន់ទី២ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។

មុនពេលកើតហេតុ ខណ:ពេលដែលបុរសជាប្តីដេកជាមួយនិងស្ត្រីជាប្រពន្ធនោះ ក៏ស្រាប់តែរូបគាត់បានភ្ញាក់់និងមានបំណងចុះទៅដើរលេងខាងក្រោមនោះ ក៏ស្រាប់តែជំងឺចាស់របស់គាត់បានរើឡើងវិញ និងប្រកាច់ធ្លាក់ពីលើជណ្តើរស្លាប់តែម្តង ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា បុរសជាជនរងគ្រោះមានជំងឺតេតតាណុសប្រចាំកាយយូរណាស់មកហើយ និងលេបថ្នាំជាប្រចាំ លុះមុនពេលកើតហេតុកាលពីពីរថ្ងៃមុនកន្លងមកនេះរូបគាត់ខានលេខថ្នាំចំនួន ២ថ្ងៃមកហើយ ទំនងជាខានលេបថ្នាំនោះ ទើបធ្វើឲ្យជំងឺរបស់គាត់រើឡើងវិញ ទើបប្រកាច់ធ្លាក់ពីលើជណ្តើរស្លាប់បែបនេះតែម្តងទៅ។

ក្រោយពេលកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋានក៏បានចុះទៅដល់ផ្ទះកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងប្រគល់សាកសពរបស់បុរសរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯវត្តសន្សំកុសលបាត់ទៅ ៕

Loading...