លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា ទូរសព្ទដៃប្រភេទស្មាតហ្វូនដូចជា iPhone ជាដើម អាចប្រែក្លាយជាកាមេរ៉ាសន្តិសុខបំពាក់តាមផ្ទះ តាមហាង ឬការិយាល័យធ្វើការ ដើម្បីឃ្លាំមើលសកម្មភាពផ្សេងៗពីចម្ងាយ ឬទោះនៅទីណាក៏ដោយបាន តាមទូរសព្ទ iPhone ដូចគ្នាមួយផ្សេងទៀត ឬតាមកុំព្យូទ័រ។
បើលោកអ្នកទើបប្តូរប្រើ iPhone ស៊េរីថ្មី ហើយមិនដឹងត្រូវយក iPhone ស៊េរីចាស់ទៅធ្វើអ្វីបាន លោកអ្នកអាចផ្លាស់ប្តូរវាឱ្យទៅជាកាមេរ៉ាសន្តិសុខ តាមវិធីខាងក្រោមនេះបាន។

លក្ខខណ្ឌអនុវត្ត៖
- iPhone ទាំងសងខាងត្រូវភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi ឬ 3G/4G
- iPhone ត្រូវដើរដោយប្រព័ន្ធ iOS ចាប់ពីជំនាន់ 6.0 ឡើង
១– ដំឡើងកម្មវិធីកាមេរ៉ាសុវត្ថិភាព
បច្ចុប្បន្ន កម្មវិធីកាមេរ៉ាសន្តិសុខសម្រាប់ប្រើលើ iPhone គឺមានច្រើនគួរសម ប៉ុន្តែកម្មវិធី Manything គឺវាមានលក្ខណៈពិសេសខ្លាំងជាងគេ ដោយវាមិនត្រឹមតែត្រូវបានដាក់ឱ្យទាញយកដោយសេរីប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងអនុញ្ញាតឱ្យលោកអ្នកបញ្ជាលើកាមេរ៉ាទូរសព្ទដែលកំពុងថតផ្សាយផ្ទាល់ពីចម្ងាយដើម្បីថតរូបភាពទុកជាសន្លឹក ឬជាវីដេអូរក្សាទុកបានទៀតផង។
- សូមទាញយកកម្មវិធី Manything ពីក្នុង AppStore (ឥតគិតថ្លៃ) ទៅដំឡើងលើទូរសព្ទ iPhone ចាស់ និងថ្មីរបស់លោកអ្នក
- នៅលើទូរសព្ទចាស់ សូមចូលទៅកាន់កម្មវិធី Settings ដើម្បីបិទមុខងារចាក់សោស្វ័យប្រវតិ្ត
- បើកដំណើរការកម្មវិធី Manything រួចចុះឈ្មោះដោយប្រើអាសយដ្ឋាន Email ឬគណនី Facebook

- សូមជ្រើសរើស Camera mode នៅលើ iPhone ចាស់ និង Viewer mode នៅលើ iPhone ថ្មី
- ចុចលើប៊ូតុងថតពណ៌ក្រហមនៅលើទូរសព្ទខាងកាមេរ៉ា ដើម្បីចាប់ផ្តើមដំណើរការថតផ្សាយផ្ទាល់
- ភ្លាមៗនោះ នៅលើទូរសព្ទ iPhone ថ្មី នឹងលេចចេញវីដេអូផ្សាយផ្ទាល់នៅក្នុងបញ្ជីរាយឈ្មោះទូរសព្ទ ឬឧបករណ៍ផ្សាយផ្ទាល់តាមកម្មវិធីនេះ។
- លោកអ្នកក៏អាចចូលមើលវីដេអូផ្សាយផ្ទាល់ពីកាមេរ៉ាទូរសព្ទ iPhone ចាស់របស់ខ្លួន តាមកុំព្យូទ័រផងដែរ ដោយចុះឈ្មោះលើអាសយដ្ឋានគេហទំព័រ com។

២– ស្វែងរកទីតាំងសម្រាប់បំពាក់វា
បន្ទាប់ពីចុចឱ្យទូរសព្ទដំណើរការថតរួចហើយ លោកអ្នកចាំបាច់ត្រូវរកទីតាំងសមគួរណាមួយសម្រាប់បំពាក់វា។ ត្រូវគិតថា តើលោកអ្នកចង់ឱ្យវាចាប់យករូបភាពត្រង់បរិវេនណា: បន្ទប់ទទួលភ្ញៀវ ទីធ្លាមុខផ្ទះ ឬក្នុងហាង? បើសិនមាន iPhone ចាស់ៗសល់ច្រើន លោកអ្នកអាចដំឡើងវានៅទីតាំងផ្សេងៗគ្នាបានដែរ។
៣– ប្រើជើងក្រចាប់ទូរសព្ទ និងឌុយសាកថ្ម
លោកអ្នកអាចប្រើប្រាស់ជើងទម្រ ឬក្រចាប់សម្រាប់គ្រីបទូរសព្ទដាក់កម្កល់នៅទីតាំងណាមួយ។ ជាអាទិ៍ ជើង Tripod ឬជើងទម្រទូរសព្ទសម្រាប់បិទលើកញ្ចក់រថយន្តជាដើម។ បន្ទាប់មក ត្រូវរកទីតាំងណាដែលនៅជិតហ្វ្រីភ្លើង ហើយយដោតសាកថ្មឱ្យវា ព្រោះនៅពេលលោកអ្នកដាក់ទូរសព្ទថតផ្សាយផ្ទាល់ដូច្នេះ ថាមពលថ្មជាប់ទូរសព្ទ មិនអាចទប់ទល់បានយូរនោះទេ៕

មតិយោបល់