ព័ត៌មានជាតិ

Update៖ អួតខ្លួនថាជាអ្នកនាំកម្មវិធី Concertស្រាបៀរកម្ពុជាតាមខេត្ត និងស្គាល់តារាល្បីៗ! បើករថយន្តបុកទ្រូងផ្លូវខ្ទេចក្បាលមួយចំហៀង

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាបើករថយន្ដវីស្តូមួយគ្រឿង មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញ ទំហឹងបណ្ដាលឲ្យរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច ហើយបានអួតខ្លួនថាជាអ្នកនាំកម្មវិធីConcertស្រាបៀរកម្ពុជាតាមបណ្ដាខេត្ត និងស្គាល់តារាល្បីៗជាច្រើននាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្តុបទួលទំពូង តាមបណ្ដោយមហាវិថីម៉ៅសេទុង កែងនឹងផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក វីស្តូរ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2894 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចភ្លើងស្តុបមិនបន្ថយល្បឿន ក៏ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ដបែកកង់និងដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេង បន្តដំណើរទៅមុខលែងរួចចំណែករបាំងថ្មខូចខាតបន្តិចបន្តួច។

បើតាមសម្ដីរបស់បុរសដែលជាអ្នកបើករថយន្ដបាននិយាយទាំងសភាពស្រវឹងស្រាថា រូបគាត់ទើបតែចេញមកពីផឹកស៊ីជាមួយមិត្តភក្តិនៅម្ដុំបឹងត្របែក ហើយពេលផឹកចប់ ក៏បើករថយន្ដត្រឡប់ទៅផ្ទះនៅម្ដុំសំណង់១២ តែពេលមកកន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់តែម្ដង។

ប្រភពដដែលបានបន្តថា រូបគាត់គឺជាអ្នកដឹកនាំកម្មវិធីConcertស្រាបៀរកម្ពុជាតាមបណ្ដាខេត្ត និងស្គាល់តារាល្បីៗជាច្រើន បើកចង់ទាក់ទងគឺទាក់ទងទៅចុះ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយឃាត់អ្នកបើករថយន្ដបង្កនិងបានទំនាក់ទំនងទៅកម្លាំងជំនាញ ចុះធ្វើការវាស់វែងស្ទូចយករថយន្ដបង្ក រួមទាំងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់