កំពង់ចាមៈ លោក ជា ជួន អធិការនគរបាលស្រុកកងមាស បានប្រាប់Post News ថា មានករណីហិង្សាមួយបានកើតឡើង ដោយផ្តើមចេញពីទំនាស់គ្នារឿងជំពាក់លុយធនាគារAMK រហូតឈានទៅដល់ការផ្ទុះហិង្សារ ដោយបុរសជាប្តីបានទាញកាំបិតខ្វែវកាប់ប្រហារទៅលើប្រពន្ធនិងកូនជាច្រើនកាំបិត រួចគេចខ្លួនបាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិបឹងទទា ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកអធិការ បានបន្តថា ជនបង្កដែលរត់គេចខ្លួនខាងលើនេះ មានឈ្មោះ ឈនដែន ហៅវ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ បានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ប្រហារទៅលើជនរងគ្រោះឈ្មោះ ហឿន សារ៉ាត ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធ ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ និងបន្តកាប់កូនស្រី ឈ្មោះ ញឹក ចាន់ដា អាយុ១២ឆ្នាំ បណ្តាលឲ្យរងរបួសដាច់មេដៃស្ដាំផងដែរ ហើយក្រោយពីធ្វើសកម្មភាពរួចមក បានប្រញាប់រត់គេចខ្លួនបាត់ស្រមោល។
ក្នុងនោះដែរ លោកអធិការបានបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្តាលឲ្យមានការកាប់ប្រហារនេះដែរ គឺផ្តើមចេញពីទំនាស់គ្នា រឿងជំពាក់លុយធនាគារAMK ហើយរហូតមកទល់នឹងពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ចាប់មុខសញ្ញាខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់