ព័ត៌មានជាតិ

ឆក់គេគ្រាន់ គេទាន់ក្រែល! សិស្សសាលាសន្ធរម៉ុកនិងសាលាបាក់ទូក៣នាក់ជិះម៉ូតូឆក់IPhone 6Plus បានហើយគេចមិនរួចជាប់ខ្នោះសមត្ថកិច្ច!

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរសព្ទដៃម៉ាក IPhone 6Plus មួយគ្រឿងពីជនរងគ្រោះបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្តុបទេពផន សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ វណ្ណា ស៊ីថា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩A នៃវិទ្យាល័យបាក់ទូក , ទី២ ឈ្មោះ វ៉ាត ពិសាល ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៨C នៃវិទ្យាល័យសន្ធរម៉ុក និងទី៣មានឈ្មោះ យឿន ដាវិត ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ។ ចំណែកជនរងគ្រោះមានឈ្មោះ ពឿន សាលីណាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ស្នាក់នៅភូមិសន្សំកុសល់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកZoomer-X តាមបណ្តោយផ្លូវទេពផន ក៏បានឈប់ស្តុបនិយាយទូរសព្ទ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកវ៉េវ អេស មានគ្នា៣នាក់ ធ្វើសកម្មភាពឆក់យកទូរសព្ទរបស់ជនរងគ្រោះបានសម្រេច និងជិះម៉ូតូគេចខ្លួន ហើយជនរងគ្រោះបានជិះម៉ូតូដេញតាមរហូតមកដល់ម្តុំទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ជនសង្ស័យបានដួលម៉ូតូ ទើបសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនបានតែម្តង។

ក្រោយកើតហេតុ ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍មិត្តភាព រួចក៏បញ្ជូនទៅកម្លាំងមូលដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់