Post News Media ព័ត៌មានបច្ចេកវិទ្យា ចង់កែ iPhone ...

ចង់កែ iPhone ឡើង iOS 10.3.1? ត្រូវដឹងផលវិបាក ៤ ចំណុចនេះសិន

ក្រុមហ៊ុន Apple តែងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS របស់ទូរសព្ទ iPhone និង iPad ជាបន្តបន្ទាប់ បំណងដើម្បីកែបញ្ហាដែលកើតមានលើជំនាន់ចាស់ ឬបន្ថែមមុខងារថ្មីៗចូល។ ទន្ទឹមនឹងនោះ កំណែថ្មីមួយចំនួនមិនមែនសុទ្ធតែល្អទាំងអស់នោះ​​ទេ ជូនកាលជំងឺចាស់ជា ស្រាប់តែជំងឺថ្មីចូលក៏មាន ឬបន្ថែមមុខងារថ្មី ស្រាប់​តែបញ្ហាថ្មីក៏កើតឡើងមកជាមួយ ជាដើម។ សម្រាប់ iOS 10.3.1 ក៏អាចនឹងមិនខុសពីជំនាន់មុនៗដទៃទៀតដែរ។

ដូច្នេះ មុននឹងសម្រេចចិត្តកែ ឬ Update ប្រព័ន្ធ iOS លើទូរសព្ទ iPhone ឬ iPad របស់ខ្លួន ឱ្យឡើងដល់ជំនាន់ចុងក្រោយនេះ លោកអ្នកត្រូវដឹងពីចំណុចផលវិបាកទាំង ៤ ខាងក្រោមនេះជាមុនសិន។

– មិនទាន់ត្រៀមខ្លួនរួចសម្រាប់ការ​ Update

វាពិតជាពិបាកនឹងស្មានដឹងណាស់ថា តើប្រព័ន្ធ iOS 10.3.1 ចុងក្រោយនេះ នឹងបន្សល់ទុកបញ្ហា ឬក៏អត់សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ iPhone។ ព្រោះ អ្នកប្រើប្រាស់ភាគច្រើន បន្ទាប់ពីកែឡើងរួច គឺពុំមានជួបបញ្ហាអ្វីនោះទេ ប៉ុន្តែ មួយចំនួនផ្សេងទៀត គឺមិនដូច្នោះទេ។ ម្លោះហើយ លោកអ្នកត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ជាមុនសិន។ ពោលគឺ ចង់មិនចង់ គួរតែធ្វើការ Backup (ទាញទិន្នន័យទៅរក្សាទុក)​ ទិន្នន័យ ឬឯកសារក្នុងទូរសព្ទទុកជាមុនសិន ដោយប្រើប្រាស់កម្មវិធី iTunes។ ធ្វើដូច្នេះ ប្រសិនបើមានអ្វីខុសប្រក្រតីកើតឡើង លោកអ្នកអាចស្តារ​ ឬទាញយកទិន្នន័យចាស់មកវិញបាន។

– បារម្ភអំពីបញ្ហាដែលអាចនឹងកើតឡើងបន្ទាប់ពីកែរួច

ប្រសិនបើ iOS ជំនាន់ 10.3 ឬទាបជាងនេះ ដែលលោកអ្នកកំពុងប្រើប្រាស់ ពុំមានជួបបញ្ហាអ្វីទេនោះ ហើយមិនទុកចិត្តចំពោះបញ្ហាដែលអាចនឹងកើតឡើងបន្ទាប់ពីកែឡើងជំនាន់ចុងក្រោយរួច សូមលោកអ្នកកុំធ្វើវាអី។ ព្រោះមានអ្នកប្រើប្រាស់ iOS 10.3.1 ច្រើននាក់មកហើយ ដែលបានរអ៊ូរទាំអំពីបញ្ហា Wi-Fi, Bluetooth, ការធ្វើ Activation និងបញ្ហាជាមួយកម្មវិធីមួយចំនួនក្នុង AppStore បញ្ហាថាមពលថ្មឆាប់ស្រកអស់ និងម៉ាស៊ីនទូរសព្ទរលត់ចុះឡើងម្តងម្កាលដោយខ្លួនឯង ជាដើម។

ដូច្នេះ ប្រសិនបើមានអារម្មណ៍សុខស្រួលជាមួយ iOS ជំនាន់ដែលខ្លួនកំពុងប្រើប្រាស់ហើយនោះ លោកអ្នកគួរតែរង់ចាំមើលមតិអ្នកប្រើប្រាស់ដទៃ ឬមិត្តភក្តិជាមុនសិនទៅ។ ម្យ៉ាងទៀត ក្រុមហ៊ុន Apple កំពុងសាកល្បងជំនាន់ថ្មីរបស់វាមួយទៀតហើយ គឺ iOS 10.3.2។ មួយវិញទៀត លោកអ្នកក៏ត្រូវដឹងថា រហូតមកទល់បច្ចុប្បន្ន គេពុំទាន់មានរបៀបដើម្បីកែត្រឡប់ប្រព័ន្ធ iOS មកជំនាន់ 10.3, 10.2.1, ឬ 9 នោះទេ។

– ទូរសព្ទ iPhone លោកអ្នក Jailbreak រួច

លោកអ្នកគួរជៀសវាងធ្វើការ Update ប្រព័ន្ធ iOS ឡើងជំនាន់ចុងក្រោយនេះ ប្រសិនបើវាត្រូវបាន Jailbreak រួចរាល់ហើយ ហើយលោកអ្នកគិតថាការ Jailbreak នេះ សំខាន់ចំពោះការប្រើប្រាស់ iPhone របស់ខ្លួន។ ព្រោះថា ក្រុមអ្នកអភិវឌ្ឍកម្មវិធីបានដាក់ចេញនូវកម្មវិធី Jailbreak iOS 10.2 សម្រាប់ iPhone ម៉ូឌែលមួយចំនួន ប៉ុន្តែ វាមិនមានសម្រាប់ iOS 10.3.1 នោះទេ។ ពោលគឺ បើលោកអ្នកធ្វើការ Update កម្មវិធី Jailbreak (Cydia) នៅលើ iPhone របស់ខ្លួន នឹងត្រូវបាត់ ហើយក៏មិនអាចដំឡើងមកវិញឡើយ ទោះអាច ក៏ត្រូវរង់ចាំរយ:ពេលយូរផងដែរ។

– អ្នកកំពុងឋិតនៅក្រៅប្រទេស

ប្រសិនបើលោកអ្នកកំពុងឋិតក្នុងដំណើរកម្សាន្តក្រៅស្រុក គួរកុំទាន់អាលធ្វើការ​ Update ឡើងដល់ជំនាន់ចុងក្រោយអី យល់ល្អគួរចាំត្រឡប់មកវិញសិនទៅ។ ព្រោះប៉ុន្មានឆ្នាំកន្លងមក iPhone របស់អ្នកប្រើប្រាស់មួយចំនួន ជួបបញ្ហាដំណើរការខុសប្រក្រតី បន្ទាប់ពីពួកគេធ្វើការ Update ប្រព័ន្ធ iOS ឱ្យឡើងដល់ជំនាន់ចុងក្រោយ មុនពេលចាកចេញ ឬអំឡុងពេលធ្វើដំណើរការកម្សាន្តក្រៅប្រទេស។ បញ្ហានេះ ត្រូវបានគេរកឃើញថា កើតឡើងដោយសារសេវា និងកម្មវិធីមួយចំនួន ឈប់ដំណើរការ នៅពេលដែលអ្នកប្រើប្រាស់ ប្តូរទៅនៅតំបន់ផ្សេងមួយ៕

Loading...