ព័ត៌មានជាតិ

លោកអភិបាលស្រុកបាទី រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋថាបានបើករថយន្តទាំងស្រវឹងប៉ះគេហើយទារសំណង១២០០ដុល្លារទៀត!

តាកែវៈ រយៈពេលប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថានៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកបន្តគ្នា ដោយផ្តោតទៅលើការរិះគន់យ៉ាងចាស់ដៃពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយបានលើកឡើងថា លោកអភិបាលស្រុកបាទី បានបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តទាំងស្រវឹង ទៅប៉ះរថយន្ត១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតហើយ ថែមទាំងភរិយារបស់លោកអភិបាល បានជេរប្រមាថនិងទារប្រាក់ពីភាគីម្ខាងទៀតចំនួន១២០០ដុល្លារបន្ថែមទៀត បើមិនឲ្យនោះទេ គាត់នឹងប្តឹងទៅកាន់តុលាការ។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តរបស់លោក អ៊ុក រី ដែលជាអភិបាលស្រុកបាទី ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-4606 បើកបរក្នុងសភាពរេចុះឡើងទិសខាងត្បូងទៅជើងក្នុងស្ថានភាពស្រវឹង ដោយមានប្រពន្ធរបស់លោកអភិបាលរួមដំណើរជាមួយ លុះមកដល់ចំណុចខាងលើ ក៏បានជែងរថយន្តម៉ាក Lexus RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2K-3873 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យប៉ះកាងខាងឆ្វេងរងការខូចខាត រួចបន្តទៅបុកជាមួយធុងទឹកកកនៅចិញ្ចើមផ្លូវបន្ថែមទៀត ។ អ្វីដែលពលរដ្ឋហួសចិត្តនោះ ក្រោយពីពេលកើតហេតុ លោក អ៊ុក រី អភិបាលស្រុកបាទី បានគេចខ្លួនបាត់ស្រមោល ដោយទុកឲ្យភរិយារបស់លោក នៅជេរដៀលត្មិះភាគីម្ខាងទៀតនិងទាមទារសំណង១២០០ដុល្លារឲ្យខានតែបាន បើមិនបានគំរាមប្តឹងទៅតុលាការ។

ដោយឡែក បើយោងតាមសម្តីរបស់លោក អ៊ុង ពៅ មានមុខរបរជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលជាអ្នកបើកភាគីម្ខាងទៀតបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរតាមរថយន្តខាងលើ សំដៅទៅភ្នំពេញដើម្បីទៅធ្វើការវិញ លុះមកដល់ចំណុចខាងលើ គាត់បានមើលតាមកញ្ចក់រថយន្តទៅក្រោយ បានឃើញរថយន្តរបស់លោក អ៊ុក រី បើជែងគេឯង មកវ៉ាក់ជាមួយរថយន្តធុនធំដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ភ្លាមៗនោះស្រាប់តែរថយន្តលោកអភិបាលស្រុកបាទី បានកាច់ចង្កូតមកខាងស្តាំដៃ មកប៉ះជាមួយនឹងរថយន្តរបស់គាត់កាងខាងឆ្វេង រួចបន្តទៅបុកជាមួយនឹងធុងទឹកកដែលលក់នៅចិញ្ចើមផ្លូវបណ្តាលឲ្យខូចបន្តិចបន្តួច។ ដោយនឹងឃើញថា គាត់មិនមែនជាអ្នកខុស គាត់ក៏បើករថយន្តបន្តទៅមុខទៀត លុះធ្វើដំណើរមកដល់សាលាស្រុកបាទីសមត្ថកិច្ចក៏បានឃាត់រថយន្តរបស់គាត់ រួចឲ្យលោកបើកទៅកន្លែងកើតហេតុវិញ ហើយក្រោយមក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរវៀង ស្រុកសំរោង បានយករថយន្តទាំង២គ្រឿង យកទៅរក្សាទុក ដោយសារតែប្រពន្ធលោក អ៊ុក រី អភិបាលស្រុកបាទី បានមកជេរត្មិះដៀលលើក្រុមគ្រួសារបស់គាត់ ថែមទាំងឲ្យគាត់បង់លុយ១២០០ដុលា្លរទៀត។

បញ្ជាក់បន្ថែមថា បច្ចុប្បន្នសំណុំរឿងខាងលើនេះ បានបញ្ចប់ទៅហើយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ហើយដោយភាគីខាងរថយន្ត Lexus RX300 ពណ៌ទឹកមាស បានបង់សំណង ៦០០ដុលារ ឲ្យទៅខាងភាគីរថយន្តរបស់លោក អ៊ុក រី អភិបាលស្រុកបាទី ដោយសារតែប្រពន្ធលោកអភិបាលស្រុក បានមកជេរតិះដៀល ហើយគំរាមតែប្តឹងទៅតុលាការ ប៉ុន្តែទោះបីជាសំណុំរឿងនេះបានបញ្ចប់ តែការរិះគន់របស់ប្រជាពលរដ្ឋចំពោះលោកអភិបាលស្រុកបាទី នៅតែបន្តមានដដែល។

ទាក់ទងនឹងបញ្ហាខាងលើនេះដែរ លោកអធិការនគរបាលស្រុកសំរោង បានប្រាប់Post Newsថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលោកអភិបាលស្រុកបាទី ប៉ះជាមួយនឹងភាគីរថយន្តឡិចស៊ីសមួយគ្រឿងទៀតពិតប្រាកដមែន ប៉ុន្តែដំណើររឿងហេតុយ៉ាងណានោះលោកមិនបានដឹងច្បាស់នោះទេ ព្រោះកូនចៅរបស់លោកជាអ្នកទៅអន្តរាគមន៍ពិនិត្យ។

ក្នុងនោះដែរ Post News បានព្យាយាមទំនាក់ទំនងទៅកាន់ លោកអភិបាលស្រុកបាទី ជាច្រើនដងដែរ តែមិនបានជួបលោកអភិបាលនោះទេ ជួបតែជំនួយការលោកអភិបាលស្រុក ដោយប្រាប់ថា លោកអភិបាលស្រុកជាប់រវល់ប្រជុំ។

បញ្ជាក់ផងដែរថា៖ សារព័ត៌មានPost News Media នឹងស្វាគមន៍នូវការបំភ្លឺពីសំណាក់លោកអភិបាលស្រុកបាទី ជុំវិញករណីខាងលើផងដែរ៕

មតិយោបល់