Post News Media ព័ត៌មានជាតិ សមត្ថកិច្ចប្រ...

សមត្ថកិច្ចប្រមាញ់មុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មជាច្រើនលើក បានម្នាក់!

ព្រះសីហនុ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការក្រុងព្រះសីហនុ និងនគរបាលប៉ុស្ដិ៍លេខ៤ បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យដែលឃាត់ខ្លួនបាននេះមានឈ្មោះ សៀន ណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចចាប់ខ្លួនខាងលើ ។

បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចចូលផ្ទះ យកសម្ភារ:របស់ប្រជាពលរដ្ឋបានចំនួន៦លើក ៖

លើកទី១.នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩យប់ បានចូលទៅក្នុងផ្ទះរបស់ជនបរទេស នៅចំណុចបុរី ប៊ីអេស ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ លួចយកបាន អាយផេតចំនួន១គ្រឿង ពណ៌ទឹកប្រាក់ និងលុយចំនួន២០ដុល្លារ ហើយយកអាយផេតទៅលក់នៅខេត្តកំពត បានលុយ ៩០ដុល្លារ។

លើកទី២. ក្នុងខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៧យប់ បានចូលទៅក្នុងផ្ទះមួយតាមបង្អួចចំហ នៅចំណុចបុរី ប៊ីអេស ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ តែលួចមិនបានសម្រេច។

លើកទី៣.ក្នុងខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨និង ៣០នាទីយប់ បានចូលទៅលួចនៅបុរី ប៊ីអេស ក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានធ្វើសកម្មភាពចូលលួចតាមបង្អួច ដែលមិនបានចាក់គន្លឹះយកបាន អាយផេត០១គ្រឿង ពណ៌ប្រផេះ, ទូរសព្ទដៃម៉ាក ស៊ាំស៊ុង១គ្រឿង ពណ៌ទឹកមាស និងលុយ ៣៥០,០០០រៀល និងក្រវិលពេជ្រមួយគូ ហើយទូរសព្ទដៃ ម៉ាកស៊ាំស៊ុង យកទៅលក់នៅផ្សារលើ បានលុយ៤០ដុល្លារ។ ចំណែក អាយផេត លក់នៅផ្សារបន្ទាយមាស បានតម្លៃ ៥០ដុល្លារ ហើយក្រវិលពេជ្រ បានផ្ញើរទៅសង្សារដែលធ្វើការនៅហាងខារ៉ាអូរខេ ឈ្មោះ លីន ស៊ីណា។

លើកទី៤. ក្នុងខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១០ និង ៣០នាទី បានលួចចូលទៅក្នុងផ្ទះជនជាតិបារាំងមួយកន្លែង នៅកាហ្វេលើភ្នំ ស្ថិតនៅក្រុមទី ១៦ ភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ធ្វើសកម្មភាពចូលតាមទ្វារដោយម្ចាស់មិនបានចាក់គន្លឹះ លួចបានលេបថបចំនួន២ គ្រឿង យកទៅលក់បាននៅផ្សារលើ តម្លៃសរុប ១៨០ ដុល្លារ។

លើកទី៥.ដោយមិនបានចាំថ្ងៃខែឆ្នាំ នៅផ្ទះជនបរទេសមួយ ស្ថិតនៅភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ លួចបានទូរសព្ទដៃ អិនចុចពិល ចំនួន២ គ្រឿង និងអាយហ្វូនហ្វៃ ១ គ្រឿងពណ៌ទឹកប្រាក់ ហើយបានលក់ទៅឲ្យមិត្តជិតផ្ទះនៅស្រុកជាមួយ ក្នុងតម្លៃ៦០ ដុល្លារ។

លើកទី៦.ក្នុងខែមេសា ឆ្នាំ ២០១៧ វេលាម៉ោងប្រហែលជា១១ រសៀល ស្ថិតនៅក្រុមទី១៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ខ្លួនបានធ្វើសកម្មភាពគាស់ក្បឿងដំបូលផ្ទះ ចូលលួចសម្ភារ:បានរួមមាន ៖ ខ្សែករ ចំនួន១ ខ្សែ មានបណ្តោងគុជ ,កងដៃ ចំនួន២កង,ចិញ្ជៀន ចំនួន២ វង់,ខ្សែជើង ចំនួន២ខ្សែ ,ខ្សែដៃក្មេងប្រុស១ ខ្សែ,ប្លង់ដីចំនួន១ (ខ្លួនបានបោះចោលនៅកន្លែងធ្វើសកម្មភាព)។

វត្ថុតាងដែលចាប់បានរួមមាន ៖ កុំព្យូទ័រយួរដែ ចំនួន៣ គ្រឿង ១.ម៉ាក Macbook Pro ពណ៌ទឹកប្រាក់ ចំនួន១ គ្រឿង,២.ម៉ាក Dell ពណ៌ក្រហម ចំនួន១ គ្រឿង និងទី៣.ម៉ាក Toshiba ពណ៌ស ចំនួន១គ្រឿង ,IPid ចំនួន ៣ គ្រឿង ម៉ាក IPid min ពណ៌ទឹកប្រាក់ ចំនួន១ គ្រឿង ,ម៉ាក IPid 2 ពណ៌ខ្មៅ ចំនួន១គ្រឿង surface ពណ៌ខ្មៅ ចំនួន១ គ្រឿង ,ទូរសព្ទដៃ IPHONE 7 ពណ៌ផ្កាឈូក ចំនួន១ គ្រឿង,ទូរសព្ទដែ ម៉ាក ស៊ាំស៊ុង ចំនួន១ គ្រឿង,ខ្សែក ចំនួន១ ខ្សែ និងបណ្តោង គុជ ចំនួន១ ,ម៉ូតូ១ គ្រឿង ម៉ាកអ៊ែប្លេក ស៊េរីឆ្នាំ ២០១៤ ពណ៌ក្រហម លាយខ្មៅ មានលេខតួរ ៥៤១០៣១ និងលេខម៉ាស៊ីន ១៥០៤៧៨៦ (ជាមយោបាយធ្វើសកម្មភាព)។

បច្ចុប្បន្ន សំណុំរឿងជនសង្ស័យខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបំពេញបែបបទបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕