ព័ត៌មានជាតិ

បើកម៉ូតូឆ្លងផ្លូវមិនប្រយត្ន័បុកជាមួយម៉ូតូមួយគ្រឿងទៀត របួសធ្ងន់ស្រាល៤នាក់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ និងស្រាល ខណៈដែលម៉ូតូម៉ាក Honda Wave បើកឆ្លងផ្លូវមិនប្រយត្ន័ក៏បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូម៉ាក Suzuki Smash Revo មួយគ្រឿងទៀតពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥នាទី យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខសួនកម្ពុជា១៨ម៉ោង
លើផ្លូវជាតិ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ប៉ុន ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ(របួសធ្ងន់)។ ទី២ឈ្មោះ មោះ ស៊ឹមរាជ ភេទប្រុស អាយុ២០ឆ្នាំ(របួសធ្ងន់)មានទីលំនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងទី៣ អ្នករួមដំណើរពីក្រោយឈ្មោះ ខៀវ សំតារា ភេទប្រុស អាយុ២៥ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទី៤ អត់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

នគរបាលចរាចរណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូHonda Wave ពណ៌ប៉ៃតង ពាក់ស្លាកលេខ តាកែវ 1B-0720 (គ្មានកញ្ចក់មើលក្រោយនឹងមិនពាក់មួកសុវត្ថិភាព) អ្នកបើកបរឈ្មោះប៉ុន ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ (របួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យជយ័ជំនះ) និងអ្នករួមដំណើរពីក្រោយមិនស្គាល់អត្តសព្ញាណ(របួសស្រាល) បើកបរក្នុងទិសដៅឆ្លងផ្លូវពីកើតមកលិច មកដល់ចំណុចខាងលើក៏បានបុក ជាមួយម៉ូតូមួយគ្រឿងម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD -3903 (មានកញ្ចក់តែមិនពាក់មួកសុវត្ថិភាព) អ្នកបើកបរឈ្មោះ ស៊ឹម រាជ ភេទប្រុស អាយុ២០ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរពីក្រោយឈ្មោះខៀវ សំតារា (របួសស្រាល) បើកបរក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូ smash រងរបួសធ្ងន់(បាក់ឆ្អឹងដងកាំបិតខាងស្តាំ) និងអ្នករួមដំណើរ ពីក្រោយរងរបួសស្រាលត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជយ័ជំនះ។ ចំណែកអ្នកបើកបរម៉ូតូWaveក៏ត្រូវបានមិត្តភក្តិយកទៅព្យាបាលនៅមន្ទីរពេទ្យជយ័ជំនះដូចគ្នា។

រីឯមធ្យោបាយទាំង២ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅបណ្តោះអាសន្នដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់