អ្នកលក់បន្លែផ្សារនាគមាស ត្រូវចោរឆក់កាបូបយកលុយអស់ជាង១ម៉ឺនដុល្លារ ដោយសុវត្ថិភាព នៅខណ្ឌចំការមន

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹកមួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់ បានជិះម៉ូតូឌុបប្រពន្ធនិងកូន ក្នុងបំណងជូនកូនទៅពេទ្យ នៅម្តុំអូឡាំពិក មិនទាន់ទាំងដល់ផង ត្រូវបានចោរថ្លើមធំម្នាក់ ជិះធ្វើសកម្មភាពឆក់កាបូបលុយ ដែលមានលុយជាង១ម៉ឺនដុល្លារទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២០៥ កែងស្តុបម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរធ្វើសកម្មភាពឆក់កាបូប មានឈ្មោះ អ៊ាវ ប៊ន ភេទប្រុស​ អាយុ៣៨ឆ្នាំ មុខរបរលក់បន្លែផ្សារនាគមាស ស្នាក់នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្នុងនោះដែរ សម្ភារៈដែលបាត់បង់ រួមមានលុយខ្មែរចំនួន ៤០លានរៀល លុយដុល្លារចំនួន១៥០០ដុល្លារ ទូរសព្ទម៉ាក IPhone6 ចំនួន១ និងសម្ភារៈមួយចំនួនទៀត។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ បានជិះម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បានដឹកប្រពន្ធ និងកូនតូច២នាក់ ចេញពីផ្ទះក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ក្នុងបំណងទៅពេទ្យ នៅម្តុំផ្សារអូឡាំពិក ដើម្បីព្យាបាលកូន រួចក៏ទៅផ្សារនាគមាស ដើម្បីលក់ដូរ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥​ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ បានមកធ្វើសកម្មភាពឆក់កន្ត្រកយួរមួយ ពណ៌ក្រហម ដោយក្នុងនោះមានកាបូបស្ពាយ ពណ៌ស ដែលមានលុយខ្មែរ នៅខាងក្នុងចំនួន ៤០លានរៀល លុយដុល្លារចំនួន១៥០០ដុល្លារ ទូរសព្ទម៉ាក IPhone6 ចំនួន១គ្រឿង និងសម្ភារៈមួយចំនួនទៀត បានសម្រេច រួចជិះគេចខ្លួនតាមផ្លូវម៉ៅសេទុងឆ្ពោះទៅទូតចិន បាត់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានករណីឆក់កាបូបនេះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន រួមនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង ចុះអន្តរាគមន៍ស្រាវជ្រាវ មុខសញ្ញាជនសង្ស័យខាងលើ ប៉ុន្តែតាមមិនទាន់ជនសង្ស័យនោះទេ គឺបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ។

ក្រោយពីហេតុការណ៍នេះ បានកើតឡើង ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ចងាយស្រួល ក្នុងការក្តោបមុខសញ្ញាជនសង្ស័យខាងលើ ឈានទៅដល់ការចាប់ខ្លួន យកមកផ្តន្ទាទោស តាមនីតិវិធីច្បាប់ឲ្យខានតែបាន៕

មតិយោបល់