ព័ត៌មានជាតិ

គួរឲ្យរន្ធត់! រថយន្ត RX300 បើកគេចម៉ូតូឆ្លងផ្លូវ ទៅបុកដើមត្នោត នៅកំពង់ធំ

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា នៅវេលាម៉ោង ១០ និង៣០ នាទីព្រឹក ថ្ងៃទី២៣ ខែមេសានេះ រថយន្តមួយគ្រឿង បានបើកគេចម៉ូតូ ឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់អ្នករួមដំណើរម្នាក់ និងរបួសស្រាលម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

រថយន្តខាងលើ ម៉ាក RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AO.5653 បើកបរដោយឈ្មោះ ចាន់ ណា ភេទប្រុស អាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិពាមរោទ៍ ឃុំពាមរោទ៍ ស្រុកពាមរោទ៍ ខេត្តព្រៃវែងបានបើករថយន្តមកដល់ចំណុចកើតហេតុ ក៏គេចនឹងម៉ូតូឆ្លងកាត់ផ្លូវ ហើយរេចង្កូតធ្លាក់ចេញពីផ្លូវជាតិ ទៅបុកដើមត្នោត បណ្តាលឲ្យអ្នករួមដំណើរ ក្នុងរថយន្តចំនួន ០២នាក់ ស្លាប់ និងរបួសស្រាល។

អ្នករួមដំណើរទី១ ឈ្មោះ កាណារី អាយុ ៥៥ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើករថយន្ត (ស្លាប់នៅកន្លែងកើតហេតុ) និងទី២ ឈ្មោះ ស្រី ទូច ភេទស្រី អាយុ ១៣ឆ្នាំ ជាអ្នកបម្រើ នៅក្នុងផ្ទះរបស់ប្តីប្រពន្ធខាងលើ (របួសស្រាល)។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់នេះ គឺបង្កឡើងដោយម៉ូតូឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយត័្ន រួមផ្សំនឹងរថយន្តមានល្បឿនលឿនផងដែរ៕

មតិយោបល់