ព័ត៌មានជាតិ

សង្ស័យមានវិបត្តិផ្លូវចិត្ត! ស្ត្រីម្នាក់រត់ចូលឡាននិងបម្រុងលោតទឹកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ ស្រ្តីម្នាក់សង្ស័យមានវិត្តិបផ្លូវចិត្ត បានធ្វើសកម្មភាពរត់ចូលឡាន និងបម្រុងលោតទឹកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនៅលើស្ពានជ្រោយចង្វារ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង២០នាទីយប់ ថ្ងែទី២៣ ខែមេសា ឆ្នាំ២០១៧ ចំណុចកើតហេតុនៅគល់ស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលមានវិបត្តិខាងលើនេះមានឈ្មោះ ពេជ្យ ចន្ធី អាយុ៣២ឆ្នាំ មុខរបរ ជាងធ្វើក្រចក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីម្នាក់វ័យ៣២ឆ្នាំ ជាជាងធ្វើក្រចកនៅផ្សារមួយកន្លែង បានដើរសំដៅទៅស្ពានជ្រោយចង្វារ ខណៈដែលដើរមកដល់ ស្រ្តីម្នាក់នោះ ក៏បានរត់ចូលឡានដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវនោះ ប៉ុន្តែត្រូវបានរថយន្តនោះជាន់ហ្វ្រាំងទាន់។ ក្រោយពីរត់ចូលឡានមិនសម្រេច ស្រាប់តែស្រ្តីរូបនេះ បានព្យាយាមដើរទៅលើស្ពាន បម្រុងថានឹងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃាត់ទាន់ មិនតែប៉ុណ្ណោះ ស្រ្តីខាងលើបានឈ្លោះគ្នាជាមួយប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបន្ថែមទៀត បង្កឲ្យមានការផ្អើលពេញផ្លូវ រហូតផ្អើលដល់សមត្ថកិច្ចបានចុះមកភ្លាមៗ ដើម្បីឃាត់និងធ្វើការសាកសួរ ណែនាំ ដើម្បីកុំឲ្យស្ត្រីខាងលើសម្លាប់ខ្លួន តែស្រ្តីម្នាក់នេះនៅតែមិនស្ដាប់ ក៏រត់ទៅពីមុខរថយន្តដើម្បីបញ្ចប់ជីវិតម្តងទៀត តែត្រូវសមត្ថកិច្ចចាប់ទាន់ និងទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកជាបន្ទាន់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរស្រ្តីដែលមានវិបត្តិខាងលើ បាននិយាយប្រាប់ថា រូបគាត់គិតខ្លីបែបនេះ ដោយសារតែគាត់លែងលះជាមួយប្ដីដែលជាជនជាតិវៀតណាម អស់រយៈពេល៨ឆ្នាំ ហើយប្ដីបានយកកូនប្រុសគាត់ទៅនៅឯប្រទេសវៀតណាមជាមួយបាត់ តែរូបគាត់នៅតែផ្ញើលុយទៅឲ្យដើម្បីមើលថែកូនតែយប់នេះរូបគាត់បាននិយាយទូរសព្ទជាមួយម្ដាយក្មេក ហើយម្ដាយគាត់សុំឲ្យផ្ញើលុយទៅឲ្យកូនដើម្បីបង់ថ្លៃសាលារៀននៅឯប្រទេសវៀតណាម តែគាត់បានប្រាប់ថាគាត់គ្មានលុយទេ និងសុំជួបជាមួយកូនគាត់ដើម្បីនិយាយគ្នាបន្តិច តែកូនគាត់បែរជាមិនព្រមនិយាយ។ បន្ទាប់ពីនិយាយរួចរូបគាត់ខឹងខ្លួនឯងដែលរកលុយឲ្យកូនមិនបាន ហើយកូនមិនចង់និយាយជាមួយទៀតនោះ ក៏សម្រេចចិត្តដើរចេញពីក្នុងផ្ទះហើយដើម្បីបញ្ចប់ជិវិតខ្លួនឯងតែម្ដងទៅ។

បច្ចុប្បន្នស្រ្តីដែលមានវិបត្តិខាងលើ ត្រូវបានក្រុមគ្រួសារមកដឹកយកទៅផ្ទះ ដើម្បីកុំឲ្យបង្កការភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចបន្តទៀត៕

មតិយោបល់