ព័ត៌មានជាតិ

ស៊ីផ្លេរបញ្ឆេះកំហឹង ទប់មិនជាប់ស្ទុះទៅវាយរថយន្ត៣ដៃ ប៊ិះត្រូវទាំងតៃកុង

ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួន ក្រោយពីរូបគេបានប្រើអំពើរហិង្សា ដោយបានឈប់ម៉ូតូខាងមុខ និងធ្វើសកម្មភាពដាល់ទៅលើរថយន្តតាក់ស៊ីម៉ាកសាំយ៉ុងមួយគ្រឿងចំនួន៣ដៃ ដោយសារតែខឹងនិងអ្នកបើកបររថយន្តនោះបើកពីក្រោយ ហើយស៊ីផ្លេជាច្រើនលើកពីក្រោយនោះ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភា្ញក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៨ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅខាងមុខវត្តស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណ:ពេលដែលនៅលើដងផ្លូវកំបុងតែមានការកកស្ទះដោយមានយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍នៅលើដងផ្លូវនោះ គេក៏បានឃើញរថយន្តតាក់ស៊ីម៉ាកសាំយ៉ុង ព៌ណ ខៀវ ពាក់ស្លាកលេខភ្នំពេញ២AD-៤៩៩១ មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ និងស្ត្រីជាប្រពន្ធម្នាក់ផងដែរនៅលើរថយ្តនោះ ដោយបើកបរក្នុងទិសដៅពីជើង ទៅត្បូង និងបានស៊ីផ្លេជាប់រហូត។

លុះមកដល់កន្លែងកើតហេតុ ក៏មានបុរសជនជាតិកូរ៉េម្នាក់បានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១E-០៨៧១ មួយគ្រឿងតែម្នាក់ឯង បើកបរក្នុងទិសដៅស្របគ្នាមកពីក្រោយ ទំនងជាខឹងនឹងការស៊ីផ្លេនោះពេកទ្រាំមិនបាន ទើបបានជាបើកម៉ូតូមកឈប់ខាងមុខ និងស្ទុះចុះទៅវាយរថយន្តតាក់ស៊ីនោះចំនួន៣ដៃ មិនតែប៉ុណ្ណោះ ក៏បានស្ទុះទៅរកវាយបុរសអ្នកបើកបររថយន្តនោះថែមទៀតផង ភ្លាមនោះក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និងចុះមកធ្វើអន្តរាគមន៍ទាន់ពេលវេលា ម្លេះដេញវាយគ្នាផ្អើលពេញផ្លូវបាត់ទៅហើយ។

ក្រោយពេលកើតហេតុ ទាំងបុរសជនជាតិកូរ៉េជាជនបង្ក និងអ្នកបើកបររថយន្តសាំយ៉ុងនោះ ត្រូវបាននាំខ្លួនទាំងពីរនាក់ទៅកាន់បប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ធ្វើការណែនាំ និងកិច្ចសន្យាបញ្ចប់រឿង និងអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនបាត់ទៅ៕

photo_2016-05-17_12-18-09 photo_2016-05-17_12-18-13 photo_2016-05-17_12-18-14 photo_2016-05-17_12-18-15 photo_2016-05-17_12-18-17

មតិយោបល់