កណ្ដាលៈ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរងកងពលតូចលេខ៩០ បានខ្យល់គរដួលផ្ងារមុខស្លាប់នៅក្នុងសួនច្បារខាងមុខបញ្ជាការដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤៥ទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបរិវេណបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩០ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចដែលចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ឡុង សាវុធ ភេទប្រុស អាយុ៥៦ឆ្នាំ ជាមេបញ្ជាការ រងកងពលតូចលេខ៩០ (ឧត្តមសេនីយ៍ត្រី )ស្នាក់នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ឡុង សុផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ បានឲ្យដឹងថា ឪពុករបស់ខ្លួន មានជំងឺលើសឈាមជាយូរឆ្នាំមកហើយ ។
ប្រភពព័ត៌ពីសាក្សីឈ្មោះ ឃួន ឈឿន បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ គាត់ឃើញជនរងគ្រោះកំពុងអង្គុយនៅសាឡុងខាងមុខទីបញ្ជាការ ហើយបាននិយាយប្រាប់ថា គាត់ឈឺគ្រាប់ភ្នែកមិនបានទៅហូបបាយទេ រួចក៏ចូលទៅសម្រាកក្នុងបន្ទប់បាត់ រហូតដល់ម៉ោងកើតហេតុខាងលើ គាត់បានងើបមកបត់ជើងតូច ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ផ្ងាមុខ នៅលើសួនច្បារខាងមុខទីបញ្ជាការបាត់ទៅហើយ មិនដឹងតាំងពេលណាមកនោះទេ ដោយមានក្រមា និងស្លៀកខោខ្លីជាប់នឹងខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីហេតុការណ៍ សមត្ថកិច្ចនគរបាលផ្នែកបច្ចេកទេសស្រុក សហការជាមួយនឹងគ្រូពេទ្យ ភូមិឃុំ បានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារតែខ្យល់គ រពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានក្នុងខណ្ឌឫស្សីកែវ៕
មតិយោបល់