ព័ត៌មានជាតិ

កម្មករទឹកសុទ្ធសាជីអូ ឆបោកយកម៉ូតូម្ចាស់ខ្លួនឯងឌុបស្រីស្នេហ៍ដើរលេង បែរជាខាងស្រីឆបោកយកបន្ត

កណ្តាល: តាមសេចក្តីរាយការណ៍មកថា មានករណី យុវជនម្នាក់ ឆបោកម៉ូតូពីថៅកែ តែត្រូវស្រីស្នេហ៏ ឆបោកបន្ត រយ:ពេលជាង១០ថ្ងៃ ត្រូវម្ចាស់តាមមករកឃើញ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ដែលហេតុការណ៍នោះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី វុទ្ធី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរអាជីវករផលិតទឹកសុទ្ធ។ ចំណែក ជនសង្ស័យឈ្មោះ ណាង ប៊ុនថេង ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មករផលិតទឹកសុទ្ធសាជីអូ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានមកខ្ចីម៉ូតូម៉ាកហុងដាសេ៩០ ពីជនរងគ្រោះដើម្បីមកផ្ទះនៅភូមិទួលសូភី ឃុំព្រែកគយ ដោយមិនបានយកម៉ូតូប្រគល់ឲ្យម្ចាស់ដើមវិញទ្បើយ។ លុះមកដល់វេលាម៉ោង១២ ថ្ងៃត្រង់២៤ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ បានឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកគយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆបោកម៉ូតូពីជនរងគ្រោះមែន រួចដឹកស្រីស្នេហ៍ឈ្មោះអានី អាយុ២១ឆ្នាំ ទៅដើរលេងនៅភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ហើយត្រូវបានស្រីស្នេហ៍ឈ្មោះ អានី ឆបោកម៉ូតូខាងលើពីខ្លួនបន្ដទៀតបាត់តែម្ដង។

នៅវេលាម៉ោង២និង១៥នាទី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្រកណ្ដាលបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យដើម្បីបន្ដកសាងសំណុំរឿង អនុវត្ដតាមនីតិវិធីច្បាប់៕

មតិយោបល់