Post News Media ព័ត៌មានជាតិ លោក គឹម សន្តិ...

លោក គឹម សន្តិភាព៖ ម្ចាស់ហាង Baray SPA មិនទាន់រួចខ្លួនទេ ទោះជាតុលាការឲ្យនៅក្រៅឃុំសិនក៏ដោយ

ភ្នំពេញ: នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យក្រុមអ្នកសារព័ត៌មានដឹងតាមរយ:បណ្ដាញទំនាក់ទំនងសង្គម Telegram ថា ការសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន មិនមានន័យថាបញ្ចប់សំណុំរឿងនោះទេ ហើយក៏មិនមានន័យថាជននេះរួចផុតពីបទចោទនោះឡើយ! សំណុំរឿងនៅបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ក្រោយពីជាប់ពន្ធនាគារ បាន៧ថ្ងៃ គឺលោក អ៊ំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនជាប់ចោទឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរម្ចាស់ហាង Baray SPA ក្រោមបទចោទ មនុស្សឃាតដោយអចេតនា ប៉ុន្តែនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ មានព័ត៌មានថាស្ត្រីជនជាប់ចោទត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំវិញហើយ។

បើយោងតាមការបញ្ជាក់ពីលោក យិន ស្រាង អ្នកនាំពាក្យតុលាការខេត្តសៀមរាប បានឲ្យដឹងតាមរយ:បណ្ដាញទំនាក់ទំនងសង្គម Telegram នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះថា ពិតជាមានការដោះលែង ជនជាប់ចោទឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរម្ចាស់ហាង Baray SPA មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ប្រាកដមែន។

លោក យិន ស្រាង បានថ្លែងថា នៅថ្ងៃស្អែកលោកនឹងបញ្ជាក់ពីកាលបរិច្ឆេទ និងមូលហេតុនៃការដោះលែង ជនជាប់ចោទខាងលើ។

គួររំលឹកថា លោក សំរិទ្ធ សុខុន តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់ពី ជនជាប់ចោទឈ្មោះ មាស សុភ័ក្រ ពីបទ មនុស្សឃាតដោយអចេតនា ដោយឆក់ចរន្តអគ្គិសនី (ពេលរត់បាញ់ទឹកគ្នាលេង) លើជនរងគ្រោះឈ្មោះ លី មុនីរដ្ឋានី អាយុ១៨ឆ្នាំ កាលពីម៉ោងជាង១២ យប់រំលងអធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចហាង Baray SPA នៅតំបន់ឈររាំកម្សាន្ត ផាប់ស្ត្រីត (Pub Street) ក្នុងក្រុងសៀមរាប យោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ ជនជាប់ចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល ដោយមិនទាន់គិតអំពីសំណងជំងឺចិត្តឲ្យដើមបណ្ដឹងរដ្ឋប្បវេណី៕