ព័ត៌មានជាតិ

​​គ្រឿងក្នុងជ្រូកប្រមាណ​១៥០០​គីឡូក្រាម ​ត្រូវបានមន្ត្រី​កាំកុងត្រូលខេត្តបន្ទាយមានជ័យ ចាប់បាន​អំឡុងពេលឃាត់ឆែកឆេរ!

​បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយទទួលបានកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបន្តត្រួតពិនិត្យផលិតផលម្ហួបអាហារ និងទំនិញ ដែលមានការចរាចរណ៍តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានតេស្តបឋមទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ អណ្តាតជ្រូក ក្រលៀនជ្រូក ពោះវៀនជ្រូក បេះដូងជ្រូក និងក្រពះជ្រូក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផលម្ហូបអាហារដែលមិនមានភាពអនុលោមតាមលក្ខខណ្ឌបច្ចេកទេស និងគុណភាពមិនមានភាពសមស្របអាចឲមនុស្សបរិភោគបានទម្ងន់សរុប ១៥០០ គីឡូក្រាម។ ចំណែកម្ចាស់ទំនិញ និងអ្នកអូសរទេះបានរត់គេចខ្លួនក្នុងអំឡុងពេលឃាត់ឆែកឆេរ។ ចំណែកផលិតផលម្ហូបអាហារដែលបានរកឃើញភាពមិនប្រក្រតីនោះ ត្រូវបានមន្រ្តីជំនាញបានសម្រេចយកផលិតផលខាងលើទាំងអស់ទៅធ្វើជាចំណីក្រពើ នៅអាងក្រពើ តាម៉ាប់ ស្ថិតក្នុងភូមិ ចាន់គិរី ឃុំប្រជាធម្ម សង្កាត់ប៉ោយប៉ោយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

មតិយោបល់