ភ្នំពេញ: លោក ហ៊ុន ម៉ានី ជាសមាជិករដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ទៅថ្ងៃអនាគត ទីកន្លែងនេះ (ខណ្ឌជ្រោយចង្វារ) មិនត្រឹមតែជាអន្តេវាសិកដ្ឋាន សម្រាប់និស្សិតប៉ុណ្ណោះទេ តែវាអាចនឹងត្រូវពង្រីក ឬបង្កើតជាមជ្ឈមណ្ឌលអប់រំសម្រាប់ បណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀតដល់និស្សិតយើង។
ការលើកបែបនេះរបស់លោក ធ្វើទ្បើង ក្នុងបើកសម្ពោធអគារអន្តេវាសិកដ្ឋាននិស្សិតមុស្លិម ទី១និងទី២ នៅក្នុងសង្កាត់ស្រះចក និងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៦នេះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ដោយមើលឃើញពីសន្ទុះកើនឡើងជាលំដាប់ និងដើម្បីផ្តល់ឱកាសក្នុងការជម្រុញឲ្យមាននិស្សិតនារីមូស្លិមបានសិក្សាថ្នាក់ឧត្តមសិក្សា ពិសេសដើម្បីសម្រាលការលំបាកខ្វះខាត និងក្តីកង្វល់របស់អាណាព្យាបាលចំពោះកូនៗជានារី ដែលត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែងមកបន្តការសិក្សានៅរាជធានីភ្នំពេញ ទើបកាលពីឆ្នាំ២០០៦ សមាគមនិស្សិតមុស្លិមកម្ពុជា បានស្នើសុំស្ថានអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីជួយសង់នូវអគារអន្តេវាសិកដ្ឋាននិស្សិតនារីមួយខ្នង ដែលមាន០៤ជាន់ ទីតាំងក្នុងផ្ទៃដីទំហំ ២៧៥,៤០ម៉ែត្រក្រឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជា នៅឆ្នាំ១៩៩៨ តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា ក្បែរម៉ាស្ជិទអាល់សារកាល់បច្ចុប្បន្នខាងក្រោយសណ្ឋាគារភ្នំពេញ។
ការឆ្លើយតបជាវិជ្ជមាន គឺស្ថានទូតបានសម្រេចជួយសង់តែជាន់ផ្ទាល់ដី នៃអគារនេះនូវទឹកប្រាក់ចំនួន ១៦,៥០០ដុល្លារអាមេរិក និងបដិភាគរបស់សមាគមចំនួន ៣,៥០០ដុល្លារ។ ក្រោយមកក្នុងឆ្នាំ២០០៧ សមាគមបានខិតខំទំនាក់ទំនងជាមួយ ម្ចាស់ជំនួយមកពីអង្គការមុស្លិមហេលហ្វិន (Muslimehelfen) មានទីស្នាក់ការនៅសហព័ន្ធអាល្លឺម៉ង់ ហើយអង្គការបានជួយសាងសង់បន្តអគារនេះ ជាន់ទី១ ទី២ និងទី៣ ព្រមទាំងបំពាក់គ្រឿងសង្ហារឹមផ្សេងៗជាច្រើនទៀត ដោយចំណាយទឹកប្រាក់សរុបទាំងអស់ ៧៩,៦៦៨ដុល្លារ។ នេះជាការលើកឡើងរបស់លោក សុះ មុះសិន ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា។
លោកបានមានប្រសាសន៍ថា សកម្មភាពចូលរួមប្រកបដោយផ្លែផ្កានេះ គឺជាឆន្ទៈដ៏ភ្លឺស្វាង និងប្រកបដោយមនុស្សធម៌ ក្នុងការចែករំលែក ដើម្បីអភិវឌ្ឍដែលជាមូលធនសង្គមដ៏ចាំបាច់របស់ជាតិ និងជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង សំដៅកសាងសង្គមជាតិជាពិសេសអំពីការបង្កើតឲ្យមានអគារអន្តេវាសិកដ្ឋាននេះ និងសារៈប្រយោជន៍របស់វា ដែលបានផ្តល់សម្រាប់ប្អូនៗនិស្សិតជានារីស្នាក់អាស្រ័យ ប្រកបដោយភាពកក់ក្តៅ ភាតរភាព សាមគ្គីភាពរវាងគ្នា និងរក្សាបាននូវវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី សាសានាយ៉ាងខ្ជាប់ខ្ជួន៕
មតិយោបល់