ព័ត៌មានជាតិ

ពលរដ្ឋ៖ ដោយសាររបាំងចែកទ្រូងផ្លូវធ្វើឲ្យរថយន្ត២គ្រឿង បុកគ្នាពេញទំហឹងខូចខាតយ៉ាងដំណំ

កំពត: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost Newsប្រចាំខេត្តកំពតបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារតែរបាំងចែកទ្រូងផ្លូវ ពុះចែកគន្លងផ្លូវចង្អៀតពេក ធ្វើឲ្យរថយន្ត២គ្រឿង គ្មានកន្លែងជៀសគ្នា បណ្តាលឲ្យបុកគ្នា អូសជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកកស្ទះផងដែរ នៅវេលាម៉ោង ៣និង៤៥នាទី រសៀល ថ្ងៃទី២៥ មេសា លើកំណាត់ផ្លូវជាតិលេខ៣ ចំណុចផ្លូវមានរនាំង ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលប៉ះគ្នាខាងលើ ទី១ ម៉ាក Visto ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-2450 បើកបរដោយបុរសម្នាក់ ឈ្មោះ សុង ប៊ុនណា អាយុ៣៤ ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ ចំណែក១គ្រឿងទៀត ម៉ាក Fino ចំណុះ៥តោន ដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ស្វាយរៀងន3A-0822 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Visto ខាងលើបើកបរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ រថយន្តបត់ថយក្រោយ តែដោយសារផ្លូវក្នុងចន្លោះរបាំងពុះទ្រូងនោះចង្អៀតខ្លាំង រថយន្តពិបាកបត់ ស្របពេលនោះ ក៏មានរថយន្តធុនធំខាងលើបើកបរក្នុងល្បឿនលឿន ហ្វ្រាំងមិនជាប់ ម្យ៉ាងទៀត គ្មានកន្លែងគេច ព្រោះសងខាង ជារបាំងពុះទ្រូងផ្លូវ ដែលសល់ចន្លោះ ប្រហាក់ប្រហែលរថយន្តតែម្តង ទើបបណ្តាលឲ្យបុក និងអូសជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសស្រាល។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តធំ បានរត់គេចខ្លួនបាត់មិននៅដោះស្រាយ ទុកឲ្យម្ចាស់រថយន្តតូច នៅសោកស្តាយរថយន្តខ្លួនលើផ្លូវតែម្នាក់ឯង ។ ភ្លាមៗនោះនគរបាលចរាចរណ៍បានចុះវាស់វែង និងអូសរថយន្តទាំង២ទៅរក្សារទុកនិងរងចាំការដោះស្រាយ នៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

បើតាមប្រភពពីប្រជាពលរដ្ឋ នេះជាករណីគ្រោះថ្នាក់ ក្នុងចំនួនរាប់ភ្លេចទៅហើយ លើកំណាត់ផ្លូវដែលមានរបាំងពុះទ្រូងខាងលើនេះ៕

មតិយោបល់