ព័ត៌មានជាតិ

បើកលឿនឡើងស្ពានជ្រុលបុកបង្កាន់ដៃស្ពាន ផ្លោងធ្លាក់ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!..

កណ្តាលៈ កាលពីវេលាម៉ោង៦និង១២នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូសណ្តោងរឺម៉កបើកបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរផ្លោងធ្លាក់ពីលើស្ពាន (ស្លាប់អ្នកបើកបរ នៅកន្លែងកើតហេតុ អ្នករួមដំណើររងរបួសធ្ងន់) នៅលើស្ពានមិត្តភាពកម្ពុជា-ចិន(ស្ពានព្រែកក្តាម) ក្នុងភូមិ ទួលងោក ឃុំកំពង់លួង ស្រុក ពញាឮ ខេត្តកណ្តាល។

នៅវេលាថ្ងៃកើតហេតុ មានម៉ូតូសណ្តោងរឺម៉ក១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ក្រហម (គ្មានផ្លាកលេខ)បើកឡើងស្ពានព្រែកក្តាមក្នុងទិសដៅពីត្បូងទៅជើងបត់ស្តាំ(ភ្នំពេញ-កំពង់ធំ) ដោយឈ្មោះ ប៉ូច ចក់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិសត្វល្អិត ឃុំ ចុងដូង ស្រុក បារាយណ៍ ខេត្តកំពង់ធំ។ និងអ្នករួមដំណើរឈ្មោះ ហ៊ាន សាក់ ភេទ ប្រុស អាយុ១៩ឆ្នាំ (ទីលំនៅភូមិឃុំជាមួយគ្នា) លុះពេលបើកបរមកដល់កន្លែងកើតហេតុ(ចំណុចស្ពានកោងស្តាំ)ដោយម៉ូតូមានល្បឿនលឿនបានបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យអ្នកបើកបរផ្លោងធ្លាក់ទៅក្រោមស្ពានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរក៏ផ្លោងធ្លាក់ទៅក្រោមស្ពានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។ រីឯសពត្រូវបានប្រគល់ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូសណ្តោងរឺម៉កមានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន បើកឡើងចំណោតស្ពានមានល្បឿនលឿន៕

មតិយោបល់