ភ្នំពេញៈ នារីម្នាក់ ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបបានសម្រេច នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ម្តុំសួរច្បារក្បែរក្រសួងការពារជាតិ ត្រូវជនរងគ្រោះស្រែកឆោឡោ ធ្វើឲ្យកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតឃើញក៏ដេញតាមឃាត់ខ្លួនបានជនសង្ស័យ២នាក់ សង្ស័យថា ជាអ្នកបិទគូទពីក្រោយក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់រងគ្រោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងែទី២៥ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
នារីរងគ្រោះបានប្រាប់ក្រុមការងារ Post News ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-2912 ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណែកមិត្តភក្តិ២នាក់ទៀត ជិះម៉ូតូមួយគ្រឿងពីក្រោយ ក្នុងនោះមានប្រុសម្នាក់ ស្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត ចុះពីស្ពានអាកាស៥មករា បម្រុងថានឹងជិះម៉ូតូទៅសួនច្បារមុខវាំង ប៉ុន្តែជិះទើបតែហួសស្តុបវត្តនាគវ័ត្ត ក៏មានជនសង្ស័យមួយក្រុម ជិះម៉ូតូ៥គ្រឿងមកពីក្រោយមានគ្នា១០នាក់ ធ្វើសកម្មភាពឆក់កាបូបរបស់គាត់តែម្តង ជាហេតុធ្វើឲ្យគាត់ក៏បានស្រែកឲ្យគេជួយ ចំណែកមិត្តភក្តិរបស់គាត់ ដែលជិះម៉ូតូពីក្រោយ ក៏បានព្យាយាមជិះម៉ូតូដេញតាម រួមនិងសមត្ថកិច្ចនៅក្បែរនោះ ក៏បានព្យាយាមដេញតាមពីក្រោយដូចគ្នា សមត្ថកិច្ចនឹងមិត្តភក្តិរបស់ជនរងគ្រោះដេញតាម រហូតដល់ផ្លូវលេខ១០៩ កែងនឹងផ្លូវកម្ពុជាក្រោម ក៏ឃាត់បានជនសង្ស័យទាំង២នាក់នេះ សង្ស័យជាអ្នកបិទគូទពីក្រោយជនសង្ស័យមួយក្រុមដែលបានធ្វើសកម្មភាពឆក់កាបូបនោះតែម្តង។
ចំណែកមិត្តភក្តិរបស់ជនរងគ្រោះគាត់បាននិយាយថា ជនសង្ស័យដែលឃាត់បាននេះ មិនមែនជាអ្នកធ្វើសកម្មភាពឆក់កាបូបទេ គឺជាអ្នកបិទគូទពីក្រោយជនសង្ស័យទាំងនោះ ពេលជនសង្ស័យធ្វើសកម្មភាពរួចហើយ ជនសង្ស័យដែលបិទគូទពីក្រោយនេះ ក៏បានព្យាយាមជិះម៉ូតូរត់ដែរ ប៉ុន្តែសំណាងមិនល្អក៏ត្រូវបានពួកខ្ញុំនិងកម្លាំងសមត្ថកិច្ចល្បាតដេញតាមជួយឃាត់បានតែម្តងទៅ។
បើយោងតាមសម្តីរបស់ជនសង្ស័យទាំង២នាក់បាននិយាយថា មុនពេលកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាកឡែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BZ-3648 ចេញពីញុំាអីនៅកន្លែងមួយ ពេលដែលញុំាអីហើយ គាត់ក៏បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈពេលជិះមកដល់កន្លែងកើតហេតុ ម្តុំសួនច្បារក្រសួងកាពារជាតិ គាត់ក៏បានឃើញជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបពីនារីដែលជាជនរងគ្រោះខាងលើ ភ្លាមៗនោះគាត់ក៏បានឭនារីម្នាក់នោះ ស្រែកឲ្យគេជួយ ពេលដែលគាត់បានលឺហើយ គាត់ក៏បានដេញតាមជនសង្ស័យដែលឆក់កាបូបពីនារីម្នាក់នោះ ហើយគាត់បានព្យាយាមដេញតាម រហូតមកដល់ផ្លូវលេខ១០៩ ក៏ត្រូវបានមិត្តភក្តិរបស់នារីរងគ្រោះជិះមកជិត ហើយនិយាយថា ឲ្យកាបូបគេមកវិញមក ពេលដែលគាត់បានឭហើយ គាត់ក៏បាននិយាយថា គាត់មិនបានយកទេ បើមិនជឿ ខ្ញុំឈប់ម៉ូតូឲ្យឆែកក៏បាន ខណៈដែលគាត់និយាយចប់ភ្លាម គាត់ក៏បានឈប់ម៉ូតូ ដើម្បីឲ្យគេឆែកសិន ប៉ុន្តែក្នុងការឆែកនេះពិតជាមិនបានឃើញកាបូបរបស់នារីជនរងគ្រោះពិតមែន ។
ប៉ុន្តែទោះជាយ៉ាងណា ក៏មិត្តភក្តិរបស់នារីដែលជាជនរងគ្រោះបានអះអាងថា ជនសង្ស័យទាំង២នាក់នេះហើយ ជាអ្នកបិទគូទពីក្រោយជនសង្ស័យមួយក្រុមដែលបានធ្វើសកម្មភាពឆក់កាបូបមិត្តភក្តីរបស់គាត់ច្បាស់ខ្លាំងណាស់។
ក្នុងនោះដែរ សម្ភារៈដែលបាត់បង់ទៅរួមមាន លុយខ្មែរជិត២០ម៉ឺនរៀល, កាតATM, IPAD មួយគ្រឿង និងអត្តសញ្ញាណប័ណ្ណ។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនសិន រួមទាំងម៉ូតូនៅប៉ុស្ពិ៍នគរបាលមិត្តភាព ដើម្បីសួរនាំរឿងឲ្យច្បាស់បន្តទៀត៕
មតិយោបល់