ព័ត៌មានជាតិ

រន្ធត់! ស៊ាំយ៉ុងពន្លះរថយន្តហ៊ីយ៉ាន់ដាយចំពីក្រោយពេញទំហឹង កៀបបុរសម្នាក់ស្លាប់ក្នុងកាប៊ីន និង២នាក់ទៀតរបួសធ្ងន់ស្រាល

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកស៊ាំយ៉ុង ពន្លះជាមួយនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពេញទំហឹង បណ្តាលឲ្យខ្ទេចក្បាលរថយន្ត រហូតកៀបបុរសម្នាក់ស្លាប់ក្នុងកាប៊ីន និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5278 អ្នកបើកបររត់បាត់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះបានមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្តលើទ្រូងផ្លូវ បណ្ដាលឲ្យមានរថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AK-9832 បើកបរដោយឈ្មោះប៉ិច សំបូរ ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម រួមដំណើរជាមួយមនុស្ស២នាក់ទៀត ទី១-ឈ្មោះ សុវណ្ណ ពិនពិសា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា និងទី២-ឈ្មោះ ហ៊ួ បុប្ផា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ដែលធ្វើដំណើរពី ត្បូងទៅជើងស្របទិសគ្នា បានមកបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលឈប់ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ដោយនាំយករថយន្តទាំង២ គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់