ភ្នំពេញៈ រថយន្តមួយគ្រឿង បើកគេចម៉ូតូឆ្លងផ្លូវ ក៏រេចង្កូតទៅកៀរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកពូឈ្មោះ សួន សាផៃ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជួសជុលម៉ូតូ ស្នាក់នៅមុខកន្លែងកើតហេតុខាងលើ បានប្រាប់ថា មុនពេលកើតហេតុ ខណៈដែលរូបគាត់កំពុងតែសម្រាន្តលង់លក់យ៉ាងសុខស្រួលនោះ ស្រាប់តែបន្តិចក្រោយមកគាត់លឺសូរសំឡេងដូចរថយន្តបុកអ្វីមួយ ហើយគាត់ក៏បានរត់មកមើលក៏ឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W -3598 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង បានក្រឡាប់ផ្ងាជើងក្នុងភក់ ហើយបន្តិចក្រោយមកស្រាប់តែឃើញម្ចាស់រថយន្តបានវាចេញពីក្នុងរថយន្តដោយសភាពមមីងមម៉ាំង ដោយសារតែក្រឡាប់រថយន្តជាច្រើនត្រឡប់ពេកតែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
ម្ចាស់រថយន្តប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីផ្ទះបំណងទៅយកប្រពន្ធចេញពីធ្វើការ ហើយខណៈបើកបរមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបានឆ្លងផ្លូវពីកើតមកលិចធ្វើឲ្យម្ចាស់រថយន្តបង្ខំចិត្តបើកគេចរហូតជ្រុលទៅកៀរបាំងថ្មចែកទ្រូងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងជាច្រើនត្រឡប់ និងអូសជាច្រើនម៉ែត្រ និងបណ្ដាលឲ្យខូចខាតរថយន្តធ្ងន់ធ្ងរ តែមិនបង្កគ្រោះថ្នាក់រដល់អ្នកបើកបរនោះទេ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានឡើងជិះរថយន្តមួយទៀតគ្រឿងទៀតដែលជារបស់សាច់ញាតិ ហើយចេញទៅបាត់ទៅ ដោយទុករថយន្តផ្ញើនឹងពូដែលជួសជុលម៉ូតូខាងលើ រង់ចាំព្រឹកស្អែកយករថយន្តស្ទូចមកស្ទូចទៅជួសជុលវិញ៕
មតិយោបល់