ព័ត៌មានជាតិ

យុវជនជាង២០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ

ភ្នំពេញៈ មួយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមក្មេងស្ទាវ តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ តែបង្កការវាយតប់គ្នាតាមដងផ្លូវ បង្កឲ្យមានភាពភ័យខ្លាច និងរំខានដល់ការធ្វើដំណើរ ក៏ដូចជា ការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ២០១៦ នៅលើតាមបណ្តោយផ្លូវ ហាណូយ មានក្រុមក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក។

វប្បធម៌បង្ក អំពើអសីលធម៌ របស់ក្រុមក្មេងស្ទាវ ក្នុងរាជធានីភ្នំពេញ មិនត្រូវបានរួចផុតពីកណ្តាប់ដៃដែករបស់កម្លាំងនគរបាលរាជធានីភ្នំពេញនោះឡើយ ពោលបានចុះទៅ ឃាត់ខ្លួនភ្លាមៗ យកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់។

យុវជន២១នាក់ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនឆែកឆេរនិងណែនាំអប់រំ ខណៈពួកគេទាំងនោះបានធ្វើការមកប្រមូលផ្ដុំគ្នាជាច្រើននាក់នៅលើដងផ្លូវពពាក់ពពូនគ្នាយ៉ាងអាណាធិបតេយ្យ។

ការឃាត់ខ្លួនអប់រំនេះ ធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ក្បែរស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ទោ ឈុន សីហា ខណៈកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការយាមល្បាតដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពនិងទប់ស្កាត់បង្ក្រាបនូវរាល់បទល្មើស ផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានផងនោះ ក៏បានឃើញក្រុមក្មេងស្ទាវមានគ្នាជាច្រើននាក់ ពពាក់ ពពូនគ្នា តាមផ្លូវសាធារណៈខុសប្រក្រតី ទើបលោកបានទាក់ទងកម្លាំងតាមវិទ្យុទាក់ទងឲ្យមកជួយអន្តរាគមន៍ឃាត់ក្មេងស្ទាវទាំងនោះដើម្បីធ្វើការឆែកឆេររកអាវុធ និងធ្វើការអប់រំ ណែនាំ កុំឲ្យមានការប្រមូលផ្ដុំទាំងនេះមានការកើតមានឡើងម្ដងទៀតព្រោះយើងដឹងហើយថាមួយរយៈពេលនេះក្រុមជនទុច្ចរិត ប្រើប្រាស់រូបភាពផ្សេងៗគ្នាដើម្បីប្រព្រឹត្តនូវអំពើឆក់ប្លន់ហើយប្រើរូបភាពជាក្រុមមានគ្នីគ្នាច្រើន។

ក្រុមយុវជនទាំងអស់នោះត្រូវបានកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ អនុញ្ញាតឲ្យត្រលប់ទៅផ្ទះរៀងខ្លួនវិញ ក្រោយពេលពិនិត្យទៅមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើស។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានអំពាវនាវដល់អាណាព្យាបាល មាតា បិតា យកចិត្តទុកដាក់អប់រំកូនចៅ កុំបណ្តែតបណ្តោយក្រែងធ្លាក់ ក្នុងអំពើឧបាយណាមួយដែលនាំឲ្យអន្តរាយដល់សង្គម និងខ្លួនឯង៕

មតិយោបល់