ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ស្រុះស្រួលគ្នាធ្វើសមយុទ្ធ ខណៈសភាពការតានតឹងខ្លាំងទ្បើងនៅឧបទ្វីបកូរ៉េ

កូរ៉េៈ កងកម្លាំងអាមេរិក Seventh Fleet បាននិយាយថា នាវាចម្បាំងពីរគ្រឿងរបស់ខ្លួន ត្រូវបានធ្វើសមយុទ្ធតាមដែនសមុទ្រជាបន្តបន្ទាប់ ជាមួយនាវាពិឃាតជើងទឹកមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ នេះបើយោងតាមរយៈ សារព័ត៌មាន nydaily ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

សម្រាប់សមយុទ្ធកាលពីថ្ងៃអង្គារ និងថ្ងៃពុធនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភខ្លាំងទ្បើង លើការធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ដែលអាចនឹងធ្វើវានៅថ្ងៃគម្រប់ខួបលើកទី ៨៥ នៃកងទ័ពរបស់ប្រទេសនេះ។

កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា នាវាចម្បាំង USS Wayne E. Meyer និងនាវា Wang Geon Meyer របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង បានធ្វើសមយុទ្ធជាមួយគ្នា នៅក្នុងដែនទឹកភាគខាងលិចនៃឧបទ្វីបកូរ៉េ ហើយចំណែកឯនាវាអាមេរិកមួយទៀត គឺ USS Fitzgerald បានធ្វើសមយុទ្ធជាមួយនាវាពិឃាតជប៉ុន Chokai នៅក្នុងដែនទឹកភាគខាងលិច នៃប្រទេសជប៉ុន។

សូមជំរាបថា សមយុទ្ធនេះ បានបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងការការពារសន្តិសុខ និងស្ថេរភាពក្នុងតំបន់ របស់អាមេរិក ដែលបានសហការជាមួយកងកម្លាំងជើងទឹកសម្ព័ន្ធមិត្ត ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបង្កហេតុ របស់កូរ៉េខាងជើង៕

មតិយោបល់