ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ទៀតហើយ ដែលលង់ទឹកស្លាប់នៅខេត្តកណ្តាល!

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពក្មេងប្រុសម្នាក់ ស្លាប់នៅមាត់ច្រាំងប្រឡាយទឹកមួយកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

សាកសពក្មេងប្រុសខាងលើនេះ មានឈ្មោះ ឈិន ភារិន ភេទប្រុស អាយុ១០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ដោយមានឪពុកឈ្មោះ ឈិន ភារុំ អាយុ៣៥ឆ្នាំ មុខរបរកម្មករ និងម្ដាយឈ្មោះ សុង ណាវិន អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ឈិន ភារី ភេទប្រុស ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ បានដើរទៅចម្ការរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ ហើយក៏បានប្រទះឃើញកុមារារងគ្រោះ បានដេកស្លាប់នៅមាត់ច្រាំង ប្រឡាយទឹកចុងដីចម្ការរបស់ខ្លួន ភ្លាមនោះ ឈ្មោះ ឈិន ភារី បានចុះស្រង់ (ជនរងគ្រោះ) យកមកខាងលើគោក ហើយបានហៅសាច់ញាតិបង ប្អូនដើម្បី មកជួយមើល។

ក្រោយការពិនិត្យរបស់កម្លាំងជំនាញហើយនោះឃើញថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់